ព័ត៌មានជាតិ

រហូតមកដល់ព្រឹកថ្ងៃទី ១៥ ខែធ្នូ នេះ យោធាថៃ នៅតែបន្តបា-ញ់ផ្លោងចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជានៅច្រើនទីតាំង

BY
soknita
December 15, 2025

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ យោធាថៃនៅតែបន្តបាញ់ផ្លោងចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជានៅច្រើនទីតាំង ដែលនាំឱ្យវាចូលដល់ថ្ងៃទី៩ហើយបន្ទាប់ពីពួកគេបានបើកការវាយប្រហារកាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥។

នៅក្នុងការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ នេះអ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ក្រសួងការពារជាតិកម្ពុជាសូមច្រានចោលទាំងស្រុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃខុសពីការពិតរបស់ភាគីថៃ ដែលបានចោទប្រកាន់ និងលាបពណ៌មកលើកម្ពុជាផ្ទុយស្រឡះពីការពិតទាំងស្រុង ដោយក្រសួងការពារជាតិរបស់កម្ពុជាសូមធ្វើការបញ្ជាក់ជូនជាថ្មីថា គោលដៅនៃការវាយប្រហារការពារខ្លួនរបស់កម្ពុជាគឺផ្តោតតែលើគោលដៅយោធាថៃតែប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងជនស៊ីវិលណាមួយឡើយ ប៉ុន្តែមានតែភាគីថៃទេដែលបានធ្វើការវាយប្រហារមកលើទីតាំងប្រជាជនស៊ីវិលរបស់កម្ពុជា ពោលគឺជាការ វាយប្រហារដោយមិនរើសមុខ មិនរើសគោលដៅ ដោយបានធ្វើឱ្យប្រជាជនស៊ីវិលរបស់កម្ពុជាគិតមកដល់ពេលនេះមានចំនួន១១នាក់ ក្នុងនោះមានទារកម្នាក់ផងដែរ ខណៈដែលអ្នករងរបួសបានកើនឡើង ដល់ចំនួន៥៩នាក់ គិតត្រឹមថ្ងៃទីទី១៤ ខែធ្នូ ឆ្នាំ២០២៥ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ថែមទៀតនោះគឺចំនួននៃការប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែក និងការប្រើប្រាស់គ្រាប់បែកចង្កោមរបស់កងយោធាថៃវាយប្រហារមកលើកម្ពុជាគឺមានចំនួនកើនឡើងជាលំដាប់។

លោកជំទាវអ្នកនាំពាក្យបានបន្តថា ចំពោះករណីយោធាថៃដែលបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាថាបានឃាត់ និងបង្ឃាំងពលរដ្ឋថៃមិនឱ្យចាកចេញពីប្រទេសកម្ពុជា ក្រសួងការពារជាតិ សូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចការផ្អាកធ្វើដំណើរចេញ និងចូលទាំងស្រុងនៅតាម ច្រកទ្វារព្រំដែនគោក និងច្រកទ្វារព្រំដែនទឹក ដែលជាប់ព្រំដែនកម្ពុជាជាមួយនឹងថៃ ដែលកំពុងមានអរិភាពប៉ុណ្ណោះ គឺក្នុងគោលបំណងដើម្បីការពារអាយុជីវិតរបស់ជនស៊ីវិលមិនថាជាពលរដ្ឋខ្មែរ ជាជនបរ ទេស រួមទាំងពលរដ្ឋថៃដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាពីការបាញ់ប្រហារដោយមិនរើស

អើងនៅតាមបណ្តាយព្រំដែនពីសំណាក់យោធាថៃ ដោយមិនរាប់បញ្ចូលការធ្វើដំណើរតាមផ្លូវអាកាស និងតាមច្រកទ្វារព្រំដែនដទៃផ្សេងទៀតដែលគ្មានភាពតានតឹង ឬក៏ច្រកព្រំដែនកម្ពុជាជាប់ជាមួយបណ្តាប្រទេសផ្សេងទៀតឡើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: