ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចព្រះព្រហ្មរតនមុនី សុំឱ្យប្រជាពលរដ្ឋភៀសសឹកចេះសាមគ្គីគ្នា និងចែកគ្នារស់ក្នុងគ្រាលំបាក

    BY soknita December 17, 2025
    សម្ដេចព្រះព្រហ្មរតនមុនី សុំឱ្យប្រជាពលរដ្ឋភៀសសឹកចេះសាមគ្គីគ្នា និងចែកគ្នារស់ក្នុងគ្រាលំបាក

    (ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ប្រធានថេរសភានៃព្រះពុទ្ធសាសនាកម្ពុជា នៅក្នុងឱកាសនិមន្តនាំស្បៀងអាហារ ទៅចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកចំនួន២៥០គ្រួសារ កំពុងស្នាក់នៅក្នុងសង្កាត់សៀមរាប និងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយសម្តេចបានមានថេរដីកាថា ពេលនេះញាតិញោមជាប្រជាពលរដ្ឋភៀសសឹកសង្គ្រាមមកពីតំបន់ព្រំដែន កម្ពុជា-ថៃ ហើយមករស់ជុំគ្នារាប់ពាន់នាក់ ដូចនេះសម្តេចសុំឱ្យញាតិញោមទាំងអស់ចេះសាមគ្គីគ្នា ចេះស្រលាញ់គ្នា ចេះចែកគ្នារស់ក្នុងគ្រាលំបាក។ ហើយកុំឈ្លោះគ្នា កុំវ៉ៃគ្នា ព្រោះថា ក្នុងគ្រាលំបាកនេះ យោធាសៀមបានកំពុងធ្វើសង្គ្រាមឈ្លានពានលើកទឹកដីយើង ធ្វើបាបយើង ហើយបើយើងធ្វើបានគ្នាឯងទៀតតើប្រទេសជាតិយើងនិងទៅជាយ៉ាងណា។

    សម្តេច ពិន សែម មានថេរដីកាបន្តថា ប្រជាពលរដ្ឋទាំងអស់ មិនមាននរណាម្នាក់ចង់ឃ្លាតឆ្ងាយពីផ្ទះសម្បែងដែលខ្លួនរស់នៅនោះទេ ដែលធ្វើឱ្យបាត់បង់ពេលវេលាសម្រាប់ការប្រកបរបរទទួលទានប្រចាំថ្ងៃ ប៉ុន្តែដោយសារមានការឈ្លានពានពីសំណាក់ពីសំណាក់យោធាថៃ ដែលត្រូវឱ្យបងប្អូនភៀសខ្លួនមកកាន់ទីកន្លែងមានសុវត្ថិភាពជាបណ្ដោះអាសន្ន។

    ជាមួយគ្នានេះដែរ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាក់ស្ដែងក្នុងកំឡុងពេលបងប្អូនជួបការលំបាកនៅទីណា ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារផ្សេងៗទៀត សហការជាមួយព្រះសង្ឃ និងសប្បុរសជននានាបាននាំយកសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់បងប្អូនភៀសសឹក។ នេះសបញ្ជាក់ពីទឹកចិត្ដរួបរួមសាមគ្គីគ្នា ការចេះជួយគ្នា ចែករំលែកគ្នា គ្រាមានអាសន្ន ក្នុងនាមខ្មែរតែមួយ។

    សូមបញ្ជាក់ថា អំណោយទាំងនេះជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងសប្បុរសជនជាច្រើនទៀត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: