ថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនគ្រួសារសពវីរកងទ័ពពលី ក្នុងខេត្តឧត្តរមានជ័យ
- BY
- SOMATEY
- December 18, 2025
យោងតាមក្រសួងព័ត៍មាន នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញនាំយកថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនគ្រួសារសពវីរកងទ័ពចំនួន ៤រូប ដែលបានធ្វើពលីកម្មជូនជាតិមាតុភូមិ។

មរណភាពវីរកងកម្លាំងទាំង៤រូប រួមមាន វរសេនីយ៍ត្រី ជា លន់ និងអនុសេនីយ៍ទោ ហេម សង្ហា ជាយោធិន នៃតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ, នាយចំណង់ កឺយ កៀន យោធិន នៃយោធភូមិភាគទី៥ និង អនុសេនីយ័ឯក តាន់ ស៊ីន យោធិន នៃកងពលតូចថ្មើរជើងលេខ៤២ នៃយោធភូមិភាគទី៤។
ក្នុងឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអានសាររំលែកមរណទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយសម្តេចធិបតី ពិតជាមានសេចក្ដីក្តុកក្តួលរំជួលចិត្ត និងសោកស្ដាយឥតឧបមា ដោយបានទទួលដំណឹងថាវីរកងទ័ពទាំង៤រូប បានទទួលមរណភាពក្នុងពេលបំពេញបេសកកម្មនៅតាមបណ្តោយព្រំដែន។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ក៏ដូចជានាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃតំបន់ប្រតិបត្តិការរងឧត្តរមានជ័យ និងកងពលតូចថ្មើរជើងលេខ៤២ នៃយោធភូមិភាគទី៤ កងទ័ពជើងគោក សូមសម្ដែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាង ជ្រាលជ្រៅ ព្រោះការបាត់បង់វីរកម្លាំងទាំងពីរ គឺជាការបាត់បង់កូន និងស្វាមី ដែល ប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្ដមចំពោះឪពុកម្តាយ និងភរិយា ហើយក៏ជាការបាត់បង់នូវយោធិនដ៏អង់អាច ក្លាហាន នៃកងយោធពលខេមរភូមិន្ទ ដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដីដ៏បវរនៃកម្ពុជា។
សារលិខិតរំលែកមរណទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពទាំង៤រូប សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានប្រគល់ថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនគ្រួសារនៃសព ដោយក្នុងមួយគ្រួសារសពទទួលបានចំនួន ៨០លានរៀល ព្រមទាំងនាំយកថវិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសារសពទាំង៤រូបផងដែរ៕



ប្រភព ក្រសួងព័ត៍មាន
- Share This Post:






