ក្រសួងការពារជាតិ៖ គិតត្រឹមថ្ងៃទី ១៨ ខែធ្នូ មានពលរដ្ឋស៊ីវិលកម្ពុជាចំនួន ១៨នាក់ បានបាត់បង់ជីវិត និងរងរបួសចំនួន ៧៩នាក់
- BY
- soknita
- December 19, 2025
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ មានពលរដ្ឋស៊ីវិលកម្ពុជាចំនួន ១៨នាក់បានស្លាប់ និងរងរបួសចំនួន៧៩នាក់។ ដោយសារការបាញ់ប្រហាររបស់កងយោធាថៃសំដៅមកលើទីតាំងជនស៊ីវិលចាប់តាំងពីការបើកប្រតិបត្តិការឈ្លានពានរបស់ពួកគេដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ មកនោះ គិតត្រឹមម៉ោង ៦ល្ងាច នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ មានពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ចំនួន ១៨នាក់ បានបាត់បង់ជីវិតក្នុងនោះមានទារកម្នាក់ផងដែរ ខណៈអ្នករងរបួសបានកើនឡើងដល់ចំនួន ៧៩នាក់ហើយ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នាព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥នេះបានថ្លែងថា យោធាថៃពិតជាបានបាញ់ប្រហារមិនត្រឹមតែមកលើកងកម្លាំងរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ពិតជាបានធ្វើការបាញ់ប្រហារមកលើជនស៊ីវិល ឬទីតាំងស៊ីវិលផងដែរ ដែលបានបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ និងរបួសបានកើនឡើងជាបន្តបន្ទាប់ ដោយគិតមកត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥មានអ្នកស្លាប់ចំនួន ១៨នាក់ និងអ្នករបួសចំនួន ៧៩នាក់។ លោកជំទាវបានអះអាងថា យោធាថៃខុសពីយោធាកម្ពុជា ពោលគឺយោធាថៃបានធ្វើការបាញ់ប្រហារដោយមិនរើសអើង មិនរើសទីតាំងមិនថាជាយោធា ឬ ជាជនស៊ីវិលឡើយ ដែលផ្ទុយពីកម្ពុជាគឺបានវាយប្រហារតែទៅលើកងកម្លាំងយោធាថៃតែប៉ុណ្ណោះ មិនបានសំដៅទៅលើគោលដៅស៊ីវិល ឬទីកន្លែងស៊ីវិលដូចខាងយោធាថៃឡើយ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា មានប្រសាសន៍ថា កម្ពុជានៅតែទាមទារឱ្យខាងភាគីថៃបញ្ឈប់នូវការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានចេតនាដើម្បីបង្វែរការចាប់អារម្មណ៍ចំពោះសកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា និងការរំលោភច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌មកលើកម្ពុជាដើម្បីយកលេសក្នុងការបង្កើននូវភាពតានតឹង ក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពាន មកលើដែនអធិបតេយ្យរបស់កម្ពុជា។
លោកជំទាវបានគូសបញ្ជាក់ថា ជាការពិតម្តងហើយម្តងទៀតកងទ័ពថៃតែងតែយកលេស និងប្រើប្រាស់នូវគ្រប់ឧបាយកលដើម្បីលាក់បាំងទង្វើឈ្លានពានរបស់ខ្លួនមកលើអធិបតេយ្យរបស់កម្ពុជា ដោយបានបំពាបំពានយ៉ាងកម្រោលទៅលើច្បាប់អន្តរជាតិ ហើយចំពោះទង្វើឈ្លានពានរបស់យោធាថៃមកលើកម្ពុជាគឺមានលក្ខណៈឃោរឃៅ ដោយមានទាំងការប្រើប្រាស់អាវុធធុនធ្ងន់ និងមានកម្រិតបំផ្លិចបំផ្លាញខ្ពស់ ដូចជា យន្តហោះចម្បាំង នាវាចម្បាំង កាំភ្លើងធំគ្រប់ប្រភេទ គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនគ្រប់ប្រភេទមកវាយប្រហារមកលើកម្ពុជា ជាពិសេសទៅលើជនស៊ីវិលស្លូតត្រង់ រួមនឹងបេតិកភណ្ឌដែលជាសម្បត្តិមនុស្សជាតិថែមទៀតផង៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






