ព័ត៌មានជាតិ

បេក្ខជនច្រើនជាង២ម៉ឺននាក់បានដាក់ពាក្យចូលរួមប្រឡងប្រជែង ជាសិស្សមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាល

BY
SOMATEY
December 20, 2025

យោងតាម ក្រសួងមុខងារសាធារណៈ នាថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំការប្រឡងប្រជែងលើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សមន្រ្តីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ក្រុមការងារទទួលពាក្យ បានរាយការណ៍ថា បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងប្រជែងតាមប្រព័ន្ធអនឡាញមានចំនួនជាង២ម៉ឺននាក់។ ដោយឡែក មានតែបេក្ខជនចំនួន១៦៤២៥នាក់ ប៉ុណ្ណោះ ដែលបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌ និងដែលត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែង។

កិច្ចប្រជុំនារសៀលនេះ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ជាច្រើនរូប។

ការប្រឡងប្រជែងជ្រើសរើសសិស្សមន្រ្តីក្រមការ ជំនាន់ទី១២ (វិញ្ញាសាសរសេរលើកទី១) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងចំនួន៤៖ ១.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) ២.វិទ្យាស្ថានជាតិអប់រំ(NIE) ៣.សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) ៤.សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច(RULE) លើវិញ្ញាសា៖ សំណួរពហុចម្លើយពាក់ព័ន្ធចំណេះដឹងទូទៅ។

សូមជម្រាបថា បេក្ខជនដែលបានប្រឡងជាប់លើវិញ្ញាសាសរសេរលើកទី១ នឹងត្រូវបន្តចូលរួមប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី២ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរលើវិញ្ញាសាសរសេរលើកទី២ ចំនួន ២០៥នាក់ នឹងត្រូវអនុញ្ញាតចូលរួមសិក្សានៅសាលាភូមិន្ទរដ្ឋបាល រយៈពេល១២ ខែ។ បន្ទាប់ពីបញ្ចប់កម្មសិក្សារួចរាល់ សិស្សមន្ត្រីជ័យលាភី នឹងចូលបម្រើការងារនៅតាមគោលដៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ នៃរាជធានី-ខេត្តទាំង២៥ នៅដើមឆ្នាំ២០២៧។

Share This Post: