អ្នកនាំពាក្យសម្តេចតេជោ៖ សម្ដេចតេជោ ហ៊ុន សែន ឆ្លងកាត់ ១០៥ សមរភូមិ និងរបួសធ្ងន់ ៥ ដង
- BY
- SOMATEY
- December 22, 2025
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ២២ ខែឆ្នួ ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥នេះថា ព្រោះតែជាតិ និងប្រជាជន គ្មានទេពាក្យថាហត់នឿយ សម្ដេចតេជោ ហ៊ុន សែន ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង។

ឯកឧត្ដម ជា ធីរិទ្ធ បានឱ្យដឹងថា ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ សម្ដេចតេជោយកជីវិតជាដើមទុន ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍។ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៩៦ ធ្វើដំណើរចូលទៅតំបន់ខ្មែរក្រហម ដោយយកជីវិតទៅប្តូរនឹងសន្តិភាពសម្រាប់កម្ពុជា រហូតបញ្ចប់សង្គ្រាមស៊ីវិលបានទាំងស្រុងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨។
សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជាពីគំនរផេះផង់ ឱ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់ ៧ ភាគរយក្នុងមួយឆ្នាំ ជាងពីរទសវត្សរ៍នៅមុនកូវីដ-១៩។ ឯកឧត្ដមអ្នកនាំពាក្យបានបន្ថែមថា បច្ចុប្បន្នសម្ដេចតេជោកំពុងរួមជាមួយសម្តេចធិបតី ដោយផ្តល់យុទ្ធសាស្រ្តដល់បណ្តាមេទ័ពទប់ទល់ជាមួយសត្រូវឈ្លានពាន ហើយគ្រប់ពេលដែលជាតិនិងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់លោកជានិច្ច ជីវិតលោកជារបស់ជាតិខ្មែរ។
ជាមួយគ្នានេះ ឯកឧត្ដមអ្នកនាំពាក្យសម្ដេចតេជោបានឱ្យដឹងទៀតថា រាល់ពេលប្រចាំការលោកតែងតំណាលឱ្យសហការីស្តាប់ពីបទពិសោធន៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងដឹកនាំប្រទេស ដោយលោកតែងរម្លឹកជារឿយៗថា «ជីវិត ហ៊ុន សែន មិនសមបើអាចរស់មកដល់ពេលនេះទេ ព្រោះឆាកជីវិតវាលំបាកពេក»៕
ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






