ទឹកចិត្តឪពុក! សុខចិត្តដេកចាំនៅមុខហាង Adidas ៣ថ្ងៃ ដើម្បីរង់ចាំទិញស្បែកជើងម៉ាក Yeezys ឱ្យកូនប្រុសសំណព្វ
លោកឪពុកមកពីកោះតៃវ៉ាន់ម្នាក់ កំពុងធ្វើឱ្យមហាជនជាច្រើននាក់នៅលើអ៊ីនធឺរណែតមានការរំជួលចិត្ត បន្ទាប់ពីគាត់ត្រូវបានគេប្រទះឃើញនៅអង្គុយខាងក្រៅហាងលក់ស្បែកជើង អស់រយៈពេល ៣ថ្ងៃ ដើម្បីទិញស្បែកជើងម៉ាក Yeezys ប្រភេទ limited-edition សម្រាប់ជារង្វាន់ឱ្យកូនប្រុសសំណព្វរបស់គាត់។ យោងការសែត Taiwan Apple Daily ចុះផ្សាយបន្តដោយ World of Buzz បានឱ្យដឹងថា លោកឪពុកម្នាក់នោះមានឈ្មោះថា លី មានអាយុ ៤៤ឆ្នាំ គឺជាអតិថិជនម្នាក់ក្នុងចំណោមអតិថិជន ២០នាក់ ដែលបានដេករង់ចាំយ៉ាងអត់ធ្មត់នៅនឹងមុខហាង Adidas នៅក្រុងតៃជុង កោះតៃវ៉ាន់ កាលពីថ្ងៃទី៧ ខែមិថុនា កន្លងទៅថ្មីនេះ។

មិនដូចអតិថិជនធម្មតាដទៃទៀតដែលគ្រាន់តែឈរជាជួរនៅមុខហាង ដើម្បីរង់ចាំទិញ Adidas Yeezy Boost 350 V2 ពណ៌ខ្មៅនៅថ្ងៃដាក់លក់នោះទេ ជាក់ស្តែងលោក លី បានអង្គុយចាំនៅទីនោះអស់រយៈពេល ៣ថ្ងៃ មកហើយ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក លី បាននិយាយថា គាត់បានដេកនៅខាងក្រៅហាង ៣យប់ ហើយមិនបានត្រលប់ទៅផ្ទះវិញនោះទេ ព្រោះកុំឱ្យគេយកកន្លែងរង់ចាំរបស់គាត់។ កូនប្រុសរបស់គាត់ចង់បានស្បែកជើងម៉ូដែលថ្មីនេះណាស់ ប៉ុន្តែកូនរបស់គាត់មិនអាចមកឈរតម្រង់ជួរចាំទិញវាបានទេ ដោយសារគាត់ត្រូវទៅរៀន។
លោក លី បានប្រាប់ថា គាត់គ្រាន់តែជាអ្នកដឹកអីវ៉ាន់ធម្មតា និងគ្មានប្រាក់ខែច្រើនដូចគេនោះទេ។ ប៉ុន្តែដើម្បីជាអំណោយដល់កូនប្រុសដែលខិតខំប្រឹងរៀន គាត់សុខចិត្តចំណាយពេលវេលា និងលុយដែលពិបាករកទាំងនោះ ដើម្បីទិញស្បែកជើងឱ្យកូនប្រុសរបស់គាត់ទាល់តែបាន។ យ៉ាងណាក៏ដោយវាមិនច្បាស់ទេថា តើ Yeezys ដែលលក់ក្នុងហាង Adidas នេះ មាននៅក្នុងស្តុកប៉ុន្មានសម្រាប់នោះទេ? ប៉ុន្តែវាត្រូវបានគេឱ្យដឹងក្នុងរបាយការណ៍ថា មានមនុស្ស ៣០០នាក់ សុខចិត្តនៅតម្រង់ជួរចាំទិញស្បែកជើងដែលក្នុងមួយគូមានតម្លៃ ៨,៨០០ ដុល្លារតៃវ៉ាន់ ឬ ២៧៩ ដុល្លារអាមេរិកនេះ៕








អត្ថបទ៖ លីដា
ប្រភព៖ NextShark