Smart Axiata ដាក់ឱ្យប្រើប្រាស់សេវា 5G ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី 01 ខែមករា ឆ្នាំ២០២៦ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiata បានសម្រេចនូវសមិទ្ធផលដ៏សំខាន់មួយក្នុងដំណើរឌីជីថលរបស់កម្ពុជា តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាទូរសព្ទចល័តជំនាន់ទី5 ឬ 5G។ ការដាក់ឱ្យដំណើរការនេះ បង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា សម្រាប់ប្រព័ន្ធភ្ជាប់ទំនាក់ទំនងជំនាន់ថ្មី និងជាការបង្កើតនូវឱកាសថ្មី និងពង្រឹងវឌ្ឍនភាព សម្រាប់អ្នកប្រើប្រាស់ជាលក្ខណៈ បុគ្គល គ្រួសារ និងអាជីវកម្មនៅកម្ពុជា។
សេវា 5G មិនត្រឹមតែជាបច្ចេកវិទ្យាថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាបច្ចេកវិទ្យាដែលនាំមកនូវលទ្ធភាពថ្មីៗសម្រាប់ការតភ្ជាប់ ទំនាក់ទំនង ការសិក្សា ការងារ និងការរីកចម្រើនជាច្រើន។ សេវា 5G អាចជួយពង្រឹងសហគមន៍ និងគាំទ្រដល់អនាគតដ៏រឹងមាំប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍឌីជីថលសម្រាប់កម្ពុជា។
នៅដំណាក់កាលដំបូង ក្រុមហ៊ុន Smart បានដាក់ឱ្យប្រើប្រាស់សេវា 5G នៅក្នុងបណ្តារាជធានីខេត្តសំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ និងខេត្តកណ្តាល តាមរយៈការដំឡើងអង់តែនសេវានៅ 283 ទីតាំងតំបូង និងមានការដំឡើងបន្តនៅតាមបណ្តាខេត្តសំខាន់ៗជាបន្តបន្ទាប់។ ចំនួននេះគ្រាន់តែជាការចាប់ផ្តើមនៃផែនការពង្រីកបណ្តាញសេវា 5G ប្រចាំឆ្នាំរបស់ក្រុមហ៊ុនប៉ុណ្ណោះ។
អតិថិជនអាចពិនិត្យមើលតំបន់គ្របដណ្តប់បណ្តាញ 5G បានយ៉ាងងាយស្រួល តាមរយៈមុខងារ នៅក្នុងកម្មវិធី SmartNas តាមតំណនេះ https://smartnas.go.link/home។ កម្មវិធី SmartNas ក៏អនុញ្ញាតឲ្យអតិថិជនពិនិត្យមើលពី ប្រភេទទូរសព្ទ ឬឧបករណ៍ ស៊ីមកាត ដែលអាចប្រើប្រាស់ប្រព័ន្ធ5Gបាន ដើម្បីធានាបាននូវបទពិសោធន៍ប្រើប្រាស់បណ្តាញ 5G របស់ក្រុមហ៊ុនស្មាតមានភាពរលូន និងមានប្រសិទ្ធភាព។

សម្រាប់ឡូហ្គូ 5G របស់ក្រុមហ៊ុនស្មាត ត្រូវបានរចនាឡើងដោយមានបង្កប់នូវនិមិត្តសញ្ញា “អនន្ត” ដែលតំណាងឱ្យលទ្ធភាពឥតដែនកំណត់ និង វឌ្ឍនភាពឥតឈប់ឈរ។ ដែលនេះឆ្លុះបញ្ចាំងពីសក្ដានុពលជាច្រើនដែលសេវា 5G នាំមកជូន មិនត្រឹមតែធ្វើឱ្យការតភ្ជាប់កាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែសេវានេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូប។
សេវា 5G រចនាឡើងសម្រាប់បុគ្គល គ្រួសារ និងអាជីវកម្ម
ការដាក់ឱ្យដំណើរការសេវា 5G របស់ Smart ត្រូវបានបង្កើតឡើងដោយយកអតិថិជនជាគោល និងផ្តោតលើអ្វីដែលសំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជា មិនមែនផ្តោតតែលើល្បឿនអ៊ីនធឺណិតតែមួយមុខនោះទេ។
សម្រាប់បុគ្គល និងក្រុមគ្រួសារ សេវា 5G ជួយឱ្យការហៅទូរសព្ទ និងការទស្សនាវីដេអូកាន់តែរលូន ការទាញយកទិន្នន័យកាន់តែលឿន និងការតភ្ជាប់មានស្ថេរភាពខ្ពស់សម្រាប់ការសិក្សាតាមអនឡាញ ការធ្វើការងារពីចម្ងាយ ការលេងហ្គេម និងការកម្សាន្តឌីជីថលផ្សេងៗ ដែលជួយគាំទ្រដល់ជីវិតរស់នៅប្រចាំថ្ងៃឱ្យកាន់តែងាយស្រួល និងប្រកបដោយទំនុកចិត្ត។
សេវា 5G ក៏បើកឱកាសថ្មីៗសម្រាប់ម្ចាស់អាជីវកម្ម និងសហគ្រិនផងដែរ។ ចាប់ពីសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) រហូតដល់អ្នកបង្កើតមាតិកា អ្នកធ្វើការងារឯករាជ្យ (Freelancers) និងធុរកិច្ចថ្មី (Startup) ការតភ្ជាប់ដែលលឿន និងមានប្រសិទ្ធភាព នឹងជួយឱ្យអាជីវកម្មដំណើរការកាន់តែប្រសើរឡើង ពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងរបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថល។
រីករាយជាមួយការផ្ដល់ជូនដាតា 50% បន្ថែមលើបទពិសោធន៍ 5G
អតិថិជន Smart ដែលមានទូរសព្ទ ឬឧបករណ៍ដែលមានមុខងារគាំទ្របច្ចេកវិទ្យាសេវា 5G និងកំពុងប្រើប្រាស់គម្រោងផ្សេងៗរបស់ Smart អាចរីករាយជាមួយអត្ថប្រយោជន៍នៃសេវា 5G នៅក្នុងតំបន់គ្របដណ្តប់ ដោយមិនចាំបាច់ប្តូរស៊ីមកាតថ្មីឡើយ។ចាប់ពីថ្ងៃទី ០1 ខែមករា ដល់ថ្ងៃទី 31 ខែមីនា 2026 រាល់ការភ្ជាប់ ឬបន្តគម្រោងដែលបានកំណត់ អតិថិជននឹងទទួលបានទិន្នន័យបន្ថែម 50% ភ្លាមៗ សម្រាប់ប្រើប្រាស់លើប្រព័ន្ធសេវា 5G។ ការថែមជូននេះ មានសុពលភាពសម្រាប់ប្រើប្រាស់លើប្រព័ន្ធសេវា 5G តែប៉ុណ្ណោះ ដើម្បីឱ្យអតិថិជនអាចទទួលបានបទពិសោធន៍អ៊ីនធឺណិតជំនាន់ថ្មីយ៉ាងពេញលេញ។
ជាមួយការថែមជូននេះ អតិថិជនអាចសាកល្បងបទពិសោធន៍ថ្មីនៃប្រព័ន្ធសេវា 5G ចាប់ពីការកម្សាន្ត និងការលេងហ្គេម រហូតដល់ការងារ ការសិក្សា ហើយអាចស្វែងយល់ពីភាពខុសប្លែក បើធៀបនឹងបច្ចេកវិទ្យាជំនាន់មុន។ សម្រាប់ព័ត៌មានបន្ថែម សូមមើលលក្ខខណ្ឌនិងការអនុវត្ត 5G នៅលើគេហទំព័ររបស់ Smartតាមតំណភ្ជាប់ៈ https://www.smart.com.kh/km/smart-5G។
លក្ខខណ្ឌសម្រាប់អតិថិជន៖
- ឧបករណ៍ដែលគាំទ្រ 5G
- ស្ថិតនៅក្នុងតំបន់គ្របដណ្តប់សេវា 5G របស់ Smart

លោក Ritesh Kumar Singh នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖
«សេវា 5G គឺជាជំហានដ៏សំខាន់សម្រាប់ការត្រៀមខ្លួនរបស់កម្ពុជាទៅរកសេដ្ឋកិច្ចឌីជីថលនាពេលអនាគត។ សេវា 5G មិនត្រឹមតែបង្កើនល្បឿននៃការតភ្ជាប់នោះទេ ប៉ុន្តែយើងសង្ឈឹមថាបច្ចេកវិទ្យានេះ នឹងជួយធ្វើឱ្យប្រជាជនគ្រប់រូបអាចប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍យ៉ាងពិតប្រាកដ មិនថាសម្រាប់ការបង្កើតថ្មី ការគាំទ្រអាជីវកម្ម ឬការលើកកម្ពស់រសនិយមបែបឌីជីថលប្រចាំថ្ងៃនោះឡើយ។ ការដាក់ឱ្យដំណើរការនេះ នឹងធ្វើឡើងតាមដំណាក់កាល និងប្រកបដោយទំនួលខុសត្រូវ ដើម្បីផ្តល់ការតភ្ជាប់ដែលអាចទុកចិត្តបានសម្រាប់អតិថិជនលក្ខណៈបុគ្គល គ្រួសារ និងអាជីវកម្ម »។
សេវា5G ដែលមានអត្ថប្រយោជន៍លើសពីសេវាទូរសព្ទចល័ត
ក្រៅពីការប្រើប្រាស់ផ្ទាល់ខ្លួន បច្ចេកវិទ្យាសេវា 5G ក៏បើកឱកាសថ្មីៗសម្រាប់អាជីវកម្ម និងវិស័យឧស្សាហកម្មនានាផងដែរ។ ជាមួយនឹងល្បឿនលឿន និងការបញ្ជូនទិន្នន័យដោយរលូន អាជីវកម្មអាចអនុវត្តបច្ចេកវិទ្យាទំនើបៗ ដូចជា ការវិភាគទិន្នន័យភ្លាមៗ ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការបំពេញការងារពីចម្ងាយបានយ៉ាងរលូន។
រោងចក្រ និងវិស័យផលិតកម្ម អាចប្រើប្រាស់ប្រព័ន្ធ IoT ដើម្បីតាមដាន និងបង្កើនប្រសិទ្ធភាពការងារ ខណៈដែលវិស័យដឹកជញ្ជូន អាចគ្រប់គ្រងការចែកចាយ និងខ្សែសង្វាក់ផ្គត់ផ្គង់បានយ៉ាងមានប្រសិទ្ធភាពតាមរយៈប្រព័ន្ធតាមដានភ្លាមៗ ដែលនេះនឹងជួួយលើកកម្ពស់ផលិតភាព និងភាពទុកចិត្តបានទូលំទូលាយនៅគ្រប់វិស័យ ដែលគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា។
តាមរយៈការដាក់ឱ្យប្រើប្រាស់សេវា 5G ក្រុមហ៊ុន Smart Axiata បន្តបង្ហាញជំហរជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ក្នុងដំណើរវិវត្តន៍ឌីជីថលរបស់កម្ពុជា ដោយសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ និងសហគមន៍ ដើម្បីធានាថាសេវា 5G ត្រូវបានអនុវត្តប្រកបដោយបរិយាបន្ន តម្លាភាព និងចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅ និងអត្ថប្រយោជន៍យូរអង្វែងដល់ប្រជាជនកម្ពុជា។
អំពី Smart
ក្រុមហ៊ុន Smart Axiata ផ្តល់ជូនការតភ្ជាប់សេវាទូរគមនាគមន៍ 5G និងដំណោះស្រាយ ITC នៅក្នុងប្រទេសកម្ពុជា ទៅកាន់អតិថិជនជាង 8 លាននាក់។ តាមរយៈការផ្លាស់ប្តូរទៅជាម៉ាកយីហោ បច្ចេកវិទ្យាទូរសព្ទចល័ត និងឌីជីថលដ៏ទូលំទូលាយក្រុមហ៊ុនកំពុងផ្លាស់ប្ដូរទិដ្ឋភាពឌីជីថលរបស់ ប្រទេស ទាំងនៅលើការកម្សាន្ត របៀបរស់នៅ និងផលិតភាព តាមរយៈការផ្តល់ជូននូវនវានុវត្តន៍ជាច្រើន។
ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាក្រុមហ៊ុនភ្ជាប់ទំនាក់ទំនងឈានមុខ គេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយផ្នែកដែលទទួលបាន វិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលនេះធ្វើឱ្យ Smart ទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញក្នុងតំបន់ និងស្តង់ដារពិភពលោក។ បង្អែកដ៏រឹងមាំនេះ បញ្ជាក់ពីជំហរដ៏រឹងមាំរបស់ Smart ក្នុងការផ្តល់សេវាស្តង់ដារពិភពលោក ដោយរួមចំណែកជ្រោមជ្រែង នូវបរិយាប័ន្នឌីជីថល និងការលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជា។