ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សហគមន៍កសិដ្ឋានគីរីទេស បាននិងកំពុងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ខណៈដំណាំម្ទេសកំពុងមានតម្រូវការច្រើនលើទីផ្សារ

    BY SOMATEY January 16, 2026
    សហគមន៍កសិដ្ឋានគីរីទេស បាននិងកំពុងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ខណៈដំណាំម្ទេសកំពុងមានតម្រូវការច្រើនលើទីផ្សារ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យ​ដឹងថា បច្ចុប្បន្នដំណាំម្ទេស ជាដំណាំមួយប្រភេទដែលងាយដាំ និងកំពុងមានមានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក និងក្រៅប្រទេស ដែលបានធ្វើឱ្យដំណាំម្ទេសមានតម្រូវការទីផ្សារច្រើន ស្របពេលដែលតម្លៃម្ទេសក៏កំពុងមានការកើនឡើងខ្ពស់ជាងបណ្ដាឆ្នាំមុនៗផងដែរ។

    លោក គឹម ចាន់ អ្នកគ្រប់គ្រងកសិដ្ឋានគីរីទេស បានឱ្យដឹងថា ដោយមើលឃើញពីកំណើននៃតម្រូវការម្ទេស លើទីផ្សារក្នុងស្រុក និងក្រៅប្រទេស និងជាដំណាំងាយស្រួលដាំដុះផងនោះ ទើបកសិដ្ឋានបានជ្រើសរើសដាំដំណាំម្ទេស ដែលមានទាំងពូជម្ទេសដៃនាង និង ម្ទេសមាលី ជាមួយនឹងការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារហើយនោះ ពួកគាត់បានទទួលបានចំណេះដឹងពីបច្ចេកទេសនៃការដាំដុះថែមទៀតផង ។

    លោក គឹម ចាន់ បានឱ្យដឹងទៀតថា បច្ចេកទេសនៃការដាំដុះ ពីមួយដំណាក់កាល ទៅមួយដំណាក់ ដូចជាការរៀបចំដី ប្រព័ន្ធទឹកស្រោចស្រព គឺជាចំណុចសំខាន់ ដែលអាចឱ្យដំណាំ មានការលូតលាស់ល្អ ទិន្នផលខ្ពស់ និង ការប្រមូលផលបានយូរទៀតផង។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តជួយគាំទ្រនូវផលិតផលកសិកម្មក្នុងស្រុក ដើម្បីជំរុញឱ្យដំណាំកសិកម្មក្នុងប្រទេស មាននិរន្តរភាពដែលអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

    សូមបញ្ជាក់ថា សហគមន៍សកិដ្ឋានគីរីទេស មានទីតាំងស្ថិតក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ដែលធ្វើលើដំណាំម្ទេស មានពីរប្រភេទ គឺពូជម្ទេសដៃនាង និង ម្ទេស មាលី ក្នុងទំហំផ្ទៃដី ចំនួន ៣ហិកតា ខណៈបច្ចុប្បន្នសហគមន៍សកិដ្ឋានគីរីទេស បាននិងកំពុងមានកិច្ចសហការជាដៃគូ ជាមួយសហគមន៍កសិកម្មដទៃទៀត ក្នុងខេត្តនិងក្រៅខេត្ត លើការដាំដុះដំណាំម្ទេសនេះផងដែរ៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: