បច្ចេកវិទ្យា

បែកគ្នាជាមួយអាមេរិក Huawei ងាកទៅរករុស្សី ដើម្បីយកប្រតិបត្តិការរបស់រុស្ស៊ី មកប្រើជំនួស Android

BY
Khmernote Media
June 13, 2019

បន្ទាប់ពីក្រុមហ៊ុន Google របស់អាមេរិកបានសម្រេចកាត់ផ្ដាច់មិនឲ្យទូរស័ព្ទ Huawei ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការណ៍ Android  ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះ បានងាកទៅស្វែងរកការសហការណ៍ជាមួយនឹងក្រុមហ៊ុនរុស្សីវិញក្នុងការបង្កើតប្រព័ន្ធប្រតិបត្តិការណ៍ថ្មីមួយរបស់ខ្លួន។ បើយោងតាមសារព័ត៌មានអេឡិចត្រូនិច RT បានរាយការណ៍ថា ប្រធានក្រុមហ៊ុន Huawei គឺលោក Guo Ping បានទៅដល់ប្រទេសរុស្សី​ និងបានជួយពិភាក្សាជាមួយនឹងលោក Konstantin Noskov រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល និងទំនាក់ទំនងរុស្សី។

ជំនួបនេះត្រូវបានរៀបចំឡើងដំណាលគ្នា ខណៈដែលលោកប្រធានាធិបតីចិន Xi Jinping អញ្ជើញទៅជួបពិភាក្សាជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin  ​ក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ Petersburg ផងដែរ។ ក្រុមហ៊ុន Huawei បានធ្វើការចរចា ដើម្បីយកប្រព័ន្ធប្រតិបត្តិការ Aurora ដែលអភិវឌ្ឍន៍ដោយប្រទេសរុស្ស៊ី យកមកប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួន សម្រាប់ជំនួសប្រព័ន្ធប្រតិបត្តិការ Android របស់ Google។ លោក Guo Ping បានឲ្យដឹងទៀតថា ប្រទេសចិនបានធ្វើតេស្តសាកល្បងរួចរាល់ហើយ ជាមួយនឹងប្រតិបត្តិការ Aurora មួយនេះ។

សូមរម្លឹកឡើងវិញថា រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump បានចោទថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនគឺជាអ្នកយកការសម្ងាត់និងអាចបង្កឲ្យមានអសន្តិសុខជាតិ ដូចនេះអាមេរិកបានបញ្ជាឲ្យក្រុមហ៊ុនអាមេរិកជាច្រើនត្រូវតែផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនចិនជាដាច់ខាត៕

អត្ថបទ៖ ភក្តី

ប្រភព៖ RT

Share This Post: