សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងលក់ឡេដ៏ល្បីមួយនៅក្នុងហ្វេសប៊ុក រកឃើញផលិតផលមិនប្រក្រតីជាច្រើនប្រភេទ
ភ្នំពេញ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការ ជាមួយគណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថភាពសង្គម ដឹកនាំផ្ទាល់ដោយលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងលក់គ្រឿងក្រអូមបោះដុំ និងរាយនាំមកពីប្រទេសថៃយីហោឈ្មោះ Ah Gi Leder ។
ប្រតិបត្តិការខាងលើ សមត្ថកិច្ចធ្វើឡើងនារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីតាំងដ្ឋានផ្ទះលេខ៧A ផ្លូវ២៦៥ ក្រុម៤៣ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានម្ចាស់អាជីវកម្មមានឈ្មោះ តេង ស៊ីណាត ភេទស្រី អាយុ២០ឆ្នាំ ។នៅពេលដែលកំលាំងសមត្ថកិច្ចចម្រុះមកដល់ទីតាំងខាងលើ បានត្រួតពិនិត្យ ជាក់ស្តែងឃើញមានគ្រឿងសម្អាង ចំនួន ៨ប្រភេទ រួមមាន ៖
១-ឡេលាបការពារកំដៅថ្ងៃសម្រាប់លាប ពេលព្រឹក (គ្មានម៉ាក) ពណ៌ស ចំនួន១០០ប្រអប់។
២-ឡេលាបការពារកំដៅថ្ងៃសម្រាប់លាបពេលព្រឹក (គ្មានម៉ាក) ពណ៌ស្វាយ ចំនួន១០០ប្រអប់។
៣-ឡេលាបស្បែកអោយមាស (គ្មានម៉ាក) ចំនួន៣៥០ប្រអប់។
៤-ឡេលាបស្បែកអោយមស (គ្មានម៉ាក) ចំនួន២៨០ប្រអប់។
៥-ឡេលាបស្បែកក្លិនក្រូច (ម៉ាក MAMJI AHA VIT C) ចំនួន២៨ប្រអប់។
៦-ឡេលាបស្បែកក្លិនCherry (ម៉ាក MAMJI AHA VIT C) ចំនួន១ប្រអប់។
៧-ស្ក្រាបទឹកដោះគោសម្រាប់ខាត់ស្បែកម៉ាក Gerepu MilkySpa (គ្មានម៉ាក) ចំនួន២៤ប្រអប់។
៨-ក្រែមលាបបបូរមាត់ម៉ាក LipStick AAA Angkor ពណ៌ក្រហមចំនួន១បំពង់ សរុបស្មើនឹង ៨៩៦ប្រអប់។
ក្រោយពីត្រួតពិនិត្យរួចគណៈកម្មការធិការចម្រុះបានពិនិត្យឃើញថា ទីតាំងលក់ដុំ និងរាយគ្រឿងសំអាងមិនបានអនុលោមទៅតាមច្បាប់កំណត់ដូចជា ៖
១-គ្មានលិខិតអនុញ្ញាតបើកគ្រឹះស្ថានផលិតផលគ្រឿងសម្អាងពីក្រសួងសុខាភិបាល
២-ផលិតផលគ្រឿងសម្អាងគ្មានចុះប្រវេទន៍ពីក្រសួងសុខាភិបាល
៣-មិនមានច្បាប់អនុញ្ញាតពីក្រសួងពាណិជ្ជកម្ម
៤-លាយ និងផ្សព្វផ្សាយលក់រាយ និងបោះដុំ
៥-នៅលើសំបកពុំមានស្លាកសញ្ញាផលិតផល។
ក្រៅពីដកហូតសម្ភារៈខាងលើ សមត្ថកិច្ចក៏បាននាំខ្លួនម្ចាស់អាជីវកម្មខាងលើ ទៅលេខាធិការដ្ឋានដើម្បីធ្វើការសាកសួរបន្ត ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


