“ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក និងក្រុមហ៊ុនសែលកាត ក្រោមប្រធានបទ “កាន់តែប្រសើរជាមួយគ្នា - Better Together ”
ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក និងក្រុមហ៊ុនសែលកាត បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ ដែលផ្ដោតសំខាន់លើចក្ខុវិស័យរួមគ្នា ដើម្បីលើកកម្ពស់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ ពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៦ នៅ សែលកាត ស្តរ រ៉ូយ៉ាល់ រេលវេ ក្រោមអធិបតីភាពរបស់ លោក Yap Kok Leong (KL) ដែលជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត និងលោក តុប និមល ដែលជាស្ថាបនិក និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ផាសអ៊ែប។

លោក តុប និមល ស្ថាបនិក និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ផាសអ៊ែប បានឱ្យដឹងថា ផាសអ៊ែប (PassApp) ជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរឈានមុខគេក្នុងប្រទេសកម្ពុជា មានមោទកភាពក្នុងកិច្ចសហការជាមួយក្រុមហ៊ុនសែលកាត ដែលមានចក្ខុវិស័យរួមគ្នា ក្រោមប្រធានបទ “កាន់តែប្រសើរជាមួយគ្នា - Better Together” ក្នុងគោលបំណងលើកកម្ពស់បទពិសោធធ្វើដំណើរសម្រាប់អតិថិជនរាប់លាននាក់តាមរយៈបច្ចេកវិទ្យា 5G ជាមួយការភ្ជាប់ទំនាក់ទំនងយ៉ាងរលូន។ កិច្ចសហការនេះនឹងផ្ដល់ជូនអត្ថប្រយោជន៍ជាច្រើនទៅកាន់អតិថិជន និងអ្នកបើកបរផាសអ៊ែប នូវការប្រើប្រាស់កម្មវិធីកក់មធ្យោបាយធ្វើដំណើរដោយមិនចាំបាច់បង់ថ្លៃអ៊ីនធឺណិត ជាមួយសេវា Sponsored Data ក្រោមការឧបត្ថម្ភរបស់ផាសអ៊ែប និងសែលកាត ព្រមទាំងមានការប្ដូរស៊ីមថ្មីដែលអាចប្រើប្រាស់សេវា 5G ជូនដល់ដៃគូបើកបររបស់ក្រុមហ៊ុន ផាសអ៊ែប ដើម្បីពង្រឹងឱ្យមានស្ថិរភាពក្នុងការតភ្ជាប់ និងធានាថាអាចបម្រើអតិថិជនបានយ៉ាងមានប្រសិទ្ធភាព។ ចំពោះអ្នកប្រើប្រាស់ក៏អាចទិញ និងដំណើរការ eSIM របស់សែលកាត ដោយផ្ទាល់តាមកម្មវិធីកក់មធ្យោបាយធ្វើដំណើរ ផាសអ៊ែស បានយ៉ាងងាយស្រួលក្នុងពេលឆាប់ៗនេះ ។
ការចុះអនុស្សរណៈនៃការយោគយល់នេះមិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងអាជីវកម្មទេជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការរួមចំណែកអភិវឌ្ឍវិស័យឌីជីថល និងបង្កើនបទពិសោធប្រើប្រាស់ថ្មីសម្រាប់ប្រជាជនកម្ពុជា។ កិច្ចសហការនេះនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែង សម្រាប់ដៃគូបើកបរ និងអតិថិជនរបស់ក្រុមហ៊ុនទាំងពីរ។
លោក Yap Kok Leong (KL) អគ្គនាយកប្រតិបត្ដិនៃក្រុមហ៊ុនសែលកាត ក៏បានលើកឡើងដែរថា ក្នុងនាមជាក្រុមហ៊ុនខ្មែរ ដែលបានបង្កើតឡើងនៅប្រទេសកម្ពុជាសម្រាប់ប្រជាជនកម្ពុជា លោកមានចក្ខុវិស័យក្នុងការជួយឱ្យអតិថិជនរស់នៅក្នុងជីវិតឌីជីថលបានយ៉ាងពេញលេញ។ តាមរយៈកិច្ចសហការនេះលោកសង្ឃឹមថា ដៃគូបើកបរ ផាសអ៊ែប នឹងទទួលបានសេវាអ៊ីនធឺណិត និងការតភ្ជាប់ដែលមានស្ថិរភាពពីក្រុមហ៊ុនសែលកាត ដែលជួយឱ្យដៃគូបើកបរទទួលការកក់បានលឿន ទំនាក់ទំនងជាមួយអ្នកដំណើរបានងាយស្រួល និងធ្វើដំណើរបានយ៉ាងរលូន។ ហើយកិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យការធ្វើដំណើររបស់ប្រជាជនកម្ពុជាមានភាពងាយស្រួល និងជឿនលឿនតាមបែបឌីជីថល។

អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1997 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករក្នុងស្រុកដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជននៅប្រទេសកម្ពុជា។ ក្រុមហ៊ុនសែលកាត គឺជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលមានអតិថិជនជាង 4លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ 4G/5G ឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព។
អំពីក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី
ផាសអ៊ែប (PassApp) គឺជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមទូរស័ព្ទដៃឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ ២០១៧ ។ ផាសអ៊ែប (PassApp) ប្តេជ្ញាផ្តល់នូវសេវាកម្មធ្វើដំណើរដ៏ល្អបំផុតជូនដល់អតិថិជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ បច្ចុប្បន្ន វិសាលភាពសេវាកម្មរបស់ ផាសអ៊ែប (PassApp) បានគ្របដណ្ដប់ក្នុងខេត្ត-ក្រុងចំនួន ១០ រួមមាន ៖ ភ្នំពេញ សៀមរាប ព្រះសីហនុ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពត កណ្ដាល បន្ទាយមានជ័យ និងបាវិត។ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ក្រុមហ៊ុនបានផ្តល់ជូនជម្រើសយានយន្តយ៉ាងសម្បូរបែប រួមមាន រ៉ឺម៉ក PassApp កង់បី PassApp រថយន្ដតូច រថយន្ត ECO រថយន្ដ SUV និងរថយន្ដ Comfort ជាដើម ៕