ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំរុញឱ្យមន្រ្តី ពិសេសចៅក្រម ព្រះរាជអាជ្ញា ពន្លឿនការដោះស្រាយសំណុំរឿងឱ្យបានឆាប់ និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ

    BY SOMATEY March 25, 2026
    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំរុញឱ្យមន្រ្តី ពិសេសចៅក្រម ព្រះរាជអាជ្ញា ពន្លឿនការដោះស្រាយសំណុំរឿងឱ្យបានឆាប់ និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ

    ក្រសួងយុត្តិធម៌បានដាក់ចេញនូវការ អនុវត្តការងារនាឆ្នាំកន្លងមក ដើម្បីកំណត់បញ្ហាប្រឈម ដែលបាននឹងកំពុងបន្តអត្ថិភាពជាធរមាននៅក្នុងវិស័យយុត្តិធម៌ក្នុងឆ្នាំ២០២៦ និងជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារជាអាទិភាព ក្នុងការលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ នៅកម្ពុជា។

    ឯកឧត្តម ឧប្បនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦នាព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៦ឱ្យដឹងពីការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” ជាអាទិភាពដ៏ សំខាន់មួយក្នុងការពង្រឹង និងលើកកម្ពស់ “នីតិរដ្ឋ” នៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះក្នុងការធានារក្សាស្ថិរភាពសង្គម សន្តិសុខ និងសណ្តាប់ ធ្នាប់សាធារណៈ ការលើកកម្ពស់យុត្តិធម៌ក្នុងសង្គមជាតិ ព្រមទាំងការអភិវឌ្ឍប្រទេសជាតិ។ ក្រៅពីនេះក្រសួងក៏បានកំពុងបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ,ការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

    ថ្លែងក្នុងពិធីនេះដែរ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានជំរុញឱ្យមន្រ្តី ពិសេសចៅក្រម ព្រះរាជអាជ្ញាត្រូវពន្លឿនការដោះស្រាយសំណុំរឿងឱ្យបានឆាប់ និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។ ប្រធានតុលាការកំពូលឯកឧត្តមបណ្ឌិត ជីវ កេង បានថ្លែងពីការត្រួតពិនិត្យ និងវាយតម្លៃអំពីស្ថានភាពនៃវិស័យយុត្តិធម៌, ស្វែងរកឱ្យឃើញនូវបញ្ហា ប្រឈមនៅក្នុងវិស័យនេះ ទាំងលើការអនុវត្តច្បាប់ ទាំងលើការបំពេញការងារនៅក្នុងវិស័យយុត្តិធម៌ ព្រមទាំងដាក់ចេញ នូវដំណោះស្រាយ និងទិសដៅការងារជាអាទិភាពបន្តសម្រាប់ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ឯកឧត្តមបានលើកឡើងដោយជំរុញឱ្យចៅក្រម ព្រះរាជអាជ្ញាប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ហើយមិនត្រូវភ្លេចខ្លួននូវក្រមសីលធម៌ដែលនាំឱ្យការដាក់វិន័យណាមួយឡើង។

    គួរបញ្ជាក់ថាសន្និបាតក្នុងវិស័យយុត្តិធម៌ ត្រូវបានរៀបចំធ្វើឡើងរយៈពេល២ថ្ងៃពោលគឺចាប់ពីថ្ងៃទី ២៥ដល់ថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០២៦ក្នុងគោលបំណងពិនិត្យ តាមដាននិងវាយតម្លៃនូវរាល់ផែនការសកម្មភាព ដែលបានដាក់ចេញសម្រាប់អនុវត្តនាពេលកន្លងមក ដើម្បីកំណត់បញ្ហាប្រឈម ដែលបាននឹងកំពុងបន្តអត្ថិភាពជាធរមាននៅក្នុងវិស័យ យុត្តិធម៌ក្នុងឆ្នាំ២០២៦ និងជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារជាអាទិភាពសម្រាប់ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការអនុវត្តច្បាប់៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: