ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ស្ញប់ស្ញែងចំពោះវីរភាព និងថ្លែងអំណរគុណមន្ដ្រីនគរបាលចូលនិវត្តន៍ បានស្ម័គ្រចិត្តមកចូលបម្រើអង្គភាពវិញ ប្រឆាំងនឹងការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា
ពោធិ៍សាត់ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញនូវការស្ញប់ស្ញែងចំពោះវីរភាពនៃការលះបង់ និងថ្លែងអំណរគុណចំពោះមន្ដ្រីនគរបាលចូលនិវត្តន៍ហើយ ប៉ុន្តែបានស្ម័គ្រចិត្តចូលបម្រើអង្គភាពវិញ នៅពេលដែលប្រទេសជាតិទទួលរងនូវការឈ្លានពានទន្ទ្រានដែនអធិបតេយ្យពីប្រទេសជិតខាង។ ការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសបន្ដដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៣ នៅបរិវេណអធិការដ្ឋាននគរបាលស្រុកវាលវែង ខេត្តពោធិសាត់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានសម្ដែងនូវការគោរពកោតសរសើរដោយស្មោះ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ព និងវីរកងកម្លាំងនគរបាលការពារព្រំដែនដ៏អង់អាចក្លាហាន ដែលបានតស៊ូក្រាញននៀលយ៉ាងស្វិតស្វាញ ដោយធ្វើពលិកម្មគ្រប់បែបយ៉ាង និងហ៊ានបូជាអាយុជីវិតក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវបរទេសឈ្លានពាន ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីឲ្យបានគង់វង្ស ជូនជាតិ និងប្រជាជន។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានប្រកាសប្រៀបដូចជាការដាក់បទបញ្ជាទៅដល់ កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ត្រូវតែបន្ដប្រកៀកស្មាគ្នាយ៉ាងរឹងមាំស្អិតរមួត តស៊ូ ក្រាញននៀល ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ តាមគ្រប់ទម្រង់ទាំងអស់។
បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់កម្លាំងនគរបាលទាំងអស់ត្រូវពង្រឹងសមត្ថភាពជំនាញ ជាពិសេសតាមដានការវិវឌ្ឍសភាពការណ៍តាមបន្ទាត់ព្រំដែន ដោយមិនត្រូវធ្វើការធ្វេសប្រហែសឡើយ, ពង្រឹងជំនាញយុទ្ធសាស្ដ្រជាក់ស្ដែងនៅលើទីលាន, ពង្រឹងវិន័យក្នុងជួរកម្លាំងនគរបាលជាតិ និងរក្សាសាមគ្គីភាពផ្ទៃក្នុង សំដៅបន្ដធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ និងគ្រឿងញៀន៕
ប្រភព ក្រសួងព័ត៍មាន