ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ចបង្ក្រាបការឆ-បោកអនឡាញក្នុងខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេសជិត ៥០នាក់

    BY soknita March 31, 2026
    កម្លាំងសមត្ថកិច្ចបង្ក្រាបការឆ-បោកអនឡាញក្នុងខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេសជិត ៥០នាក់

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១​ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា​ ជនជាតិឥណ្ឌូនេស៊ី ៣០ នាក់និងជនជាតិម៉ាឡេស៊ី ១៩ នាក់សរុបចំនួន៤៩នាក់ ( ស្រ្តី០៨នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងពេលដែលសមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams កាលពី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅអាគារ ជួល ផ្លូវ បេតុង ភូមិ ចុងថ្នល់ខាងកើត សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

    ក្រៅពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ចក៏បានដកហូតនូវសម្ភារៈបច្ចេកទេសជាច្រើន ដែលបម្រើឱ្យសកម្មភាពខុសច្បាប់ រួមមាន៖ កុំព្យូទ័រ All-in-one ១១គ្រឿង, អេក្រង់ Monitor ៣៨គ្រឿង, ម៉ាស៊ីន CPU ១៧គ្រឿង, Laptop ០៧គ្រឿង, ទូរស័ព្ទដៃចំនួន ១៨៥គ្រឿង, Tablet ០២គ្រឿង និងស៊ីមកាតអន្តរជាតិមួយចំនួនធំផងដែរ។

    ប្រតិបត្តិការបង្ក្រាបនេះខាងលើនេះធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងមានការចូលរួមសហការពីអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលពីសំណាក់ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

    ផ្អែកតាមលទ្ធផលកោសល្យវិច័យបឋម សមត្ថកិច្ចបានរកឃើញថា ជនសង្ស័យប្រើទីតាំងក្នុងប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសល្បែងស៊ីសងកាស៊ីណូអនឡាញខុសច្បាប់ ដែលមានគោលដៅទៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ។

    បច្ចុប្បន្ន មនុស្សមនុស្សស្រីទាំង ៤៩នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ ហើយបុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ឡើយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: