កម្ពុជា-ជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្ស
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបពិភាក្សាការងារ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឌីជីថល កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានពិភាក្សាផ្ដោតលើចំណុចគន្លឹះចំនួន ៥ ដើម្បីជំរុញការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា រួមមាន៖
១. កម្មវិធី IT Pathway៖ ការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាផ្នែកបច្ចេកវិទ្យាព័ត៌មាន ដើម្បីត្រៀមបញ្ជូនទៅបម្រើការងារនៅក្នុងប្រទេសជប៉ុន។ ២. គម្រោងសួនឌីជីថល៖ ការគាំទ្រដល់ក្រុមហ៊ុន Nippon Koei ក្នុងការរៀបចំផែនការមេសម្រាប់បង្កើតសួនឌីជីថលនៅកម្ពុជា។ ៣. ការវិនិយោគពីសមាជិកសមាគម៖ ជំរុញឱ្យក្រុមហ៊ុននានាដែលជាសមាជិកសមាគមជប៉ុន-កម្ពុជា មកវិនិយោគបន្ថែមក្នុងស្រុក។ ៤. ការទាក់ទាញវិនិយោគិនថ្មី៖ បង្ហាញពីសក្តានុពល និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនក្នុងការមកបោះទុនវិនិយោគនៅកម្ពុជា។ ៥. ការរៀបចំពិព័រណ៍ការងារ៖ គម្រោងបង្កើតព្រឹត្តិការណ៍ពិព័រណ៍ឱកាសការងារនៅជប៉ុន ដើម្បីផ្តល់ឱកាសឱ្យវិស្វករ និងនិស្សិតនៃប្រទេសទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកការងារ។
ជំនួបនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងកាន់តែស្អិតរមួតរវាងកម្ពុជា និងជប៉ុន ក្នុងការកសាងសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យដើរទាន់បច្ចេកវិទ្យាកម្រិតពិភពលោក៕


ប្រភព ក្រសួងព័ត៍មាន