ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាំយកក្តីនឹករលឹក និងសារជូនពរពីមហាជន ជូនដល់វីរកងកម្លាំងការពារព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បាននាំយកក្តីនឹករលឹក និងសារជូនពរពីមហាជន ជូនដល់វីរកងកម្លាំងការពារព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ក្នុងស្មារតីសាមគ្គីភាព និងការដឹងគុណចំពោះវីរភាពដ៏ខ្ពង់ខ្ពស់របស់កងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ខាងមុខនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមជាមួយសហការី បាននាំយកនូវសេចក្តីនឹករលឹក និងពរជ័យសិរីសួស្តីផ្ញើជូនដល់បងប្អូនវីរកងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន។

នៅក្នុងសកម្មភាពដ៏មានអត្ថន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការសាកសួរសុខទុក្ខដោយសេចក្តីស្រឡាញ់បំផុតពីសំណាក់សម្តេចថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ជូនចំពោះកងកម្លាំងជួរមុខ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន ឃ្លាតឆ្ងាយពីគ្រួសារ ដើម្បីបំពេញភារកិច្ចការពារជាតិ និងសេចក្តីសុខសាន្តរបស់ប្រជាជន។
អ្វីដែលជាការលើកទឹកចិត្តយ៉ាងកក់ក្តៅបន្ថែមទៀតនោះ ឯកឧត្តម និងក្រុមការងារ ក៏បាននាំយកនូវវត្ថុអនុស្សាវរីយ៍ រួមជាមួយ “សារសរសេរដោយដៃ” រាប់ពាន់ច្បាប់ពីមហាជនគ្រប់ទិសទី ដែលបានសរសេររៀបរាប់ពីទឹកចិត្ត ក្តីស្រឡាញ់ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់បងប្អូនកងទ័ព។ សារនីមួយៗសុទ្ធតែបង្កប់នូវពាក្យពេចន៍សព្ទសាធុការពរជ័យ សិរីសួស្តី ក្នុងឱកាសឆ្នាំថ្មី ជូនដល់អ្នកការពារព្រំដែនឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច៕





ប្រភព៖ ក្រសួងព័ត៌មាន