កម្លាំងចម្រុះបើកប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យាទាំងយប់ ឃាត់ខ្លួនជនបរទេស២០នាក់នៅខណ្ឌសែនសុខ
ជនសង្ស័យចំនួន ២០នាក់ (ស្ត្រី២នាក់) ក្នុងនោះមានជនជាតិចិន ១៩នាក់ និងជនជាតិគីជីស៊ីស្ថាន ១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មួយកន្លែងស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នាយប់ថ្ងៃទី០១ ខែមេសានេះ។ ក្រៅពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ច ក៏បានដកហូតសម្ភារៈវត្ថុតាងមានដូចជាៈ ទូរសព្ទដៃ ចំនួន ៨៤៦គ្រឿង, ធុង CPU ចំនួន ៥១គ្រឿង,អេក្រង់ MONITOR ចំនួន ៥៤គ្រឿង,ស៊ីមកាតអន្តរជាតិមួយចំនួន។

ចំណែកឯ សម្ភារៈវត្ថុតាង ក្នុងឃ្លាំងរក្សាទុក មានកុំព្យូទ័រលើតុ ALL IN ONEចំនួន ៣១គ្រឿង, ធុង CPU ចំនួន ០២គ្រឿងនិង អេក្រង់ MONITOR ចំនួន ១៨គ្រឿង។
ប្រតិបត្តិការបង្ក្រាបនេះខាងលើនេះធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងមានការចូលរួមសហការពីអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច កុំព្យូទ័រ និងទូរស័ព្ទដៃសន្និដ្ឋានបានថា ជនសង្ស័យប្រើប្រាស់ទឹកដីប្រទេសកម្ពុជា លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពអូសទាញឱ្យវិនិយោគក្លែងក្លាយ គោលដៅជនរងគ្រោះប្រទេសអាឡឺម៉ង់ ,សហរដ្ឋអាមេរិក និងតំបន់អ៉ឺរ៉ុប ។ បច្ចុប្បន្ន ជនសង្ស័យទាំង ២០នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ ហើយបុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ឡើយ៕





ប្រភព ក្រសួងព័ត៍មាន