ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមអ្នកស្រាវជ្រាវអាជ្ញាធរជាតិអប្សរា កំពុងស្រាវជ្រាវឡដុតកុលាលភាជន៍នៅគោកព្នៅ

    BY soknita April 2, 2026
    ក្រុមអ្នកស្រាវជ្រាវអាជ្ញាធរជាតិអប្សរា កំពុងស្រាវជ្រាវឡដុតកុលាលភាជន៍នៅគោកព្នៅ

    (ខេត្តសៀមរាប)៖ នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ នេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវអាជ្ញាធរជាតិអប្សរា កំពុងស្រាវជ្រាវឡដុតកុលាលភាជន៍នៅគោកព្នៅ។ ចំពោះគោកព្នៅ ជាបណ្តុំទួលមនុស្សរស់នៅ ដែលស្ថិតនៅភាគអាគ្នេយ៍ស្រះស្រង់ និងខាងនិរតីនៃប្រាសាទប្រែរូប ប្រហែល៥០០ម៉ែត្រ។ នៅតាមទួលមួយចំនួននៅគោកព្នៅ មានអំបែងភាជន៍ ដុំដីដុត និងដុំឥដ្ឋដុតនៅរាយប៉ាយពីលើជាច្រើន។ តាមរយៈការសិក្សាពីអំបែងភាជន៍ទាំងនោះបានបង្ហាញថា មានខ្លះជាភាជន៍ប្រើប្រចាំថ្ងៃមានដូចជា ឆ្នាំងដី ក្អម ផើង។ល។ ខ្លះជាប្រភេទភាជន៍រឹង មានដូចជា ចាន ក្រឡ ដែលគ្មានស្រទាប់រលោង និងខ្លះមានស្រទាប់រលោង។

    លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ថា គោកព្នៅ ជាសហគមន៍ស្មូនដូចការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវមួយចំនួន ទើបនៅឆ្នាំ២០២៥ ផ្នែកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយបានជ្រើសរើសយកទួលត្រពាំងថ្មអណ្ដែត ធ្វើកំណាយស្រាវជ្រាវ។ ក្រៅពីនេះ ដើម្បីប្រមូលទិន្នន័យបន្ថែមទៀត នៅឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវបានជ្រើសរើសទួលមួយដែលនៅខាងត្បូងឡថ្មត្រពាំងអណ្តែតសម្រាប់ធ្វើកំណាយ។

    លោក ឆាយ រចនា ប្រធានការិយាល័យនៃនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ បានបង្ហាញពីលទ្ធផលស្រាវជ្រាវដែលទទួលបានក្នុងពេលថ្មីៗនេះថា ក្រុមស្រាវជ្រាវបានរកឃើញស្លាកស្នាមឡក្នុដំណាក់កាលដំបូង គឺរចនាសម្ពន្ធឡទាំងមូលធ្វើដីឥដ្ឋ។ ចំណែករចនាសម្ពន្ធឡចុងក្រោយដូចដែលយេីងបានឃើញនេះ គឺធ្វើពីឥដ្ឋដុត ហេីយឡដែលទើបបានរកឃើញថ្មីនេះទំនងជារចនាសម្ពន្ធឡចុងក្រោយ មុនពេលដែលសហគមន៍ស្មូនបានបោះបង់ចោល។

    លោក ពិទូ ភិរម្យ បុរាណវិទូ ឱ្យដឹងថា កាសាងសង់ឡនៅទួលនេះ មានការវិវត្តខុសប្លែកពីឡផ្សេងៗ ដោយសាររចនាសម្ពន្ធឡនេះមានកម្រាល និងជញ្ជាំងធ្វើពីឥដ្ឋ។ តាមរយៈស្លាកស្នាមដែលនៅសេសសល់ យើងអាសន្និដ្ឋានបានថា ឡមានទំហំប្រមាណ១.៨០ម៉ែត្រ ហើយអាចមានកម្ពស់ប្រវែង១.៨០ម៉ែត្រទៅ២ម៉ែត្រ និងមានបំពង់ផ្សែងនៅលេីដំបូល។ លោក ភិរម្យ បានបញ្ជាក់បន្ថែមទៀតថា រចនាសម្ពន្ធឡគឺជញ្ជាំងធ្វើពីដីឥដ្ឋដុត មានរន្ធខ្យល់តាមទិសចំនួន៤ មានគុកដុតភ្លើងចំនួន៤នៅតាមជ្រុង។ ផ្នែកកណ្តាលនៃតួឡមានជើងទម្ររាងជើងក្អែក និងគុកដុតដាក់ភាជន៍។ ក្រុមអ្នកស្រាវជ្រាវបានយកសំណាកធ្យូង និងបំណែកកុលាលភាជន៍មួយចំនួនចេញពីឡនេះសម្រាប់វិភាគស្វែងរកអាយុកាល។

    ដោយឡែកទាក់ទងនឹងការស្វែងយល់ពីការលេីកទួល និងកន្លែងស្មូនចោលអំបែងភាជន៍ និងសំណល់ឡ។ល។ លោក ញឹម ស៊ីដេត បុរាណវិទូ បានបង្ហាញថា ស្រទាប់ដីនីមួយៗក្នុងរណ្តៅកំណាយនៅក្បែរបរិវេណតួឡ គឺមានអំបែងភាជន៍ជាច្រើនប្រភេទ។ អំបែងភាជន៍ទាំងនោះមានជាភាជន៍ប្រើប្រចាំថ្ងៃ ដូចជា អំបែងឆ្នាំងដី ក្អម ផើង ខ្លះជាប្រភេទភាជន៍រឹង មានដូចជា ចាន ក្រឡ ហើយគ្មានស្រទាប់រលោង។

    ដោយឡែក ចំពោះកាលបរិច្ឆេទនៃឡនេះ ក្រុមអ្នកស្រាវជ្រាវពុំទាន់អាចកំណត់បាននៅឡើយទេ។ ប៉ុន្តែ បើយើងប្រៀបធៀបជាមួយលទ្ធផលដែលទទួលបានពីការវិភាគលើសំណាកធ្យូងដែលយកពីស្រទាប់ដីដែលនៅសល់រចនាសម្ពន្ធឡដុតភាជន៍ខ្លះៗពីរណ្តៅកំណាយមួយចំនួនដែលបានធ្វើដោយគម្រោង Greater Angkor Project នៅឆ្នាំ២០១១ បានបង្ហាញថា ស្រទាប់ដីនោះ មានអាយុកាលចាប់ពីសតវត្សរ៍ទី៩ ទៅដល់សតវត្សរ៍ទី១២។ ដូច្នេះ យើងអាចសន្និដ្ឋានជាបឋមបានថា ឡត្រពាំងថ្មអណ្តែត និងឡដែលទើបរកឃើញនេះ អាចចាប់ដំណើរការផលិតចាប់ពីសតវត្សរ៍ទី៩ ទៅដល់សតវត្សរ៍ទី១២៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: