យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីសម្ពោធយុទ្ធនាការ «ផលិតផលស្រ្តី #MadeByHer» បានលើកទឹកចិត្តឱ្យវិនិយោគិន ឬសហគ្រាសធំៗក្នុងស្រុក ចូលរួមបណ្តាក់ទុនជាមួយសិប្បកម្មផលិតក្នុងស្រុក ក្នុងការផលិតនិងកែច្នៃ សំដៅលើកកម្ពស់តម្លៃបន្ថែម និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម ដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅបង្កើនឧត្តមភាពប្រកួតប្រជែង។

ជាមួយគ្នានោះ ដើម្បីអាចទាញប្រយោជន៍ពីយុទ្ធនាការនះបាន​ និងដើម្បីជាមូលដ្ឋានក្នុងការរួមគ្នាបន្តបេសកកម្មលើកកម្ពស់ផលិតផលក្នុងស្រុក លោកជំទាវរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនទៀត៖

១. សហគ្រិនស្ត្រីទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងផលិត ឬអភិវឌ្ឍផលិតផលក្នុងវិស័យសំខាន់ៗ ដូចជា ការកែច្នៃម្ហូបអាហារសិប្បកម្ម ផលិតផលកសិកម្ម វាយនភណ្ឌ គ្រឿងសម្អាង ជាដើម សូមបន្តចូលរួមក្នុង យុទ្ធនាការ «ផលិតផលស្ត្រី #MadeByHer» ក្នុងការលើកកម្ពស់ផលិតផលស្ត្រី និងការបង្ហាញសមត្ថភាព ការច្នៃប្រឌិត និងសក្តានុពលរបស់ស្ត្រីកម្ពុជា។

២. វិស័យឯកជន ផ្សារទំនើប ម៉ាត និងមីនីម៉ាត ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ អ្នកបង្កើតមាតិកាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ សូមបន្តចូលរួមគាំទ្រ និងសហការជាមួយយុទ្ធនាការនេះ ដើម្បីជួយលើកកម្ពស់ផលិតផលស្ត្រី និងបង្កើតឱកាសសម្រាប់សហគ្រិនស្ត្រីក្នុងការចូលរួមក្នុងទីផ្សារទំនើប និងបណ្តាញពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ បន្ថែមទៀត។

៣. សូមលើកទឹកចិត្តឱ្យសិប្បកម្មផលិតក្នុងស្រុក ដែលផលិតផលិតផលដូចគ្នា ពិនិត្យលទ្ធភាពប្រមូលផ្តុំចងក្រងជាសហព័ន្ធ ឬសមាគម ដើម្បីបង្កើនបរិមាណផលិត និងផ្គត់ផ្គង់ និងដើម្បីធានាបានការកាត់បន្ថយថ្លៃចំណាយលើផលិតកម្ម ទន្ទឹមនឹងការបង្កើនបរិមាណទិន្នផលកាន់តែខ្ពស់ប្រកបដោយចីរភាព។

និង៤. សូមលើកទឹកចិត្តឱ្យ សិប្បកម្មផលិតក្នុងស្រុក បន្តអភិវឌ្ឍខ្លួន ពង្រឹងសមត្ថភាព និងផលិតភាព តាមរយៈការលើកកម្ពស់សហគ្រិនភាព ការចាប់យកបច្ចេកវិទ្យាថ្មីក្នុងផលិតកម្មរបស់ខ្លួន ការធានាគុណភាពនិងបរិមាណផ្គត់ផ្គង់ និងការកសាងម៉ាកយីហោក្នុងស្រុក សំដៅអាចឆ្លើយតបទៅនឹងបរិបទសង្គម និងតម្រូវការទីផ្សារ។

លោកជំទាវរដ្ឋមន្រ្តី បន្ថែមថា យុទ្ធនាការ «ផលិតផលស្រ្តី #MadeByHer» គឺជាផ្នែកមួយនៃយុទ្ធនាការ “ផលិតផលជាតិ #MadeinCambodia” ដែលក្រសួងបានប្រកាសដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល កន្លងទៅ ដោយផ្តោតសំខាន់លើការលើកកម្ពស់ផលិតផលក្នុងស្រុក។ លើសពីនេះ «ផលិតផលស្ត្រី #MadeByHer» មិនត្រឹមតែសំដៅលើតែផលិតផលមួយមុខប៉ុណ្ណោះទេ ប៉ុន្តែគំនិតផ្តួចផ្តើមនេះបានផ្សារភ្ជាប់នឹង ក្តីសង្ឃឹម កិច្ចខិតខំប្រឹងប្រែង និងសក្តានុពលដ៏អស្ចារ្យរបស់ស្ត្រីកម្ពុជា ផងដែរ។

លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរ តំណាងសិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក និងក្រុមការងារពាក់ព័ន្ធទាំងអស់ ចំពោះឆន្ទៈរួមគ្នាជាធ្លុងមួយក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ជាពិសេសផលិតផលស្រី ក្នុងស្មារតីមហាគ្រួសារខ្មែរតែមួយ ព្រមទាំងបានបង្ហាញនូវជំនឿថា យុទ្ធនាការនាព្រឹកនេះ នឹងក្លាយជាមូលដ្ឋានក្នុងការជំរុញការតភ្ជាប់ រវាងក្រុមអ្នកផលិត អ្នកផ្គត់ផ្គង់ ទៅនឹងតួអង្គពាក់ព័ន្ធក្នុងទីផ្សារនិងខ្សែច្រវាក់តម្លៃ សំដៅធានាបាននូវនិរន្តរភាពការផ្គត់ផ្គង់ ការស្រូបទិញនិងការលើកកម្ពស់ផលិតផលក្នុងស្រុក៕ ដោយ៖ កន ចំណាន