កម្ពុជា ទទួលបានវត្ថុបុរាណខ្មែរចំនួន ២០រូបវិញ ពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦ នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មាន ថា ប្រទេសកម្ពុជា ទទួលបានវត្ថុបុរាណខ្មែរចំនួន២០រូបវិញ ពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី។

ក្នុងសេចក្ដីប្រកាសរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជម្រាបជូនដល់សាធារណជន ឱ្យបានដឹងថា វត្ថុបុរាណខ្មែរ ចំនួន២០រូប ដែលទាមទារបានពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយជោគជ័យ។ ការប្រគល់មកវិញនៃវត្ថុទាំងនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត តាមរយៈកិច្ចខិតខំប្រឹងប្រែង ជាប្រចាំរបស់កម្ពុជា ក្នុងការទាមទារ និងស្តារឡើងវិញនូវមរតកវប្បធម៌ជូនតាសម្រាប់កូនចៅជំនាន់ក្រោយ។
សមុច្ច័យដែលបានប្រគល់មកវិញមានលក្ខណៈចម្រុះ សាងពីថ្មភក់ និងសំរឹទ្ធ ដូចជា រូបបដិមាសម័យបាយ័ន ដែលគេជឿថាមានប្រភពដើមមកពីក្រុងអង្គរធំ។ សម្បត្តិវប្បធម៌ទាំងនេះមិនត្រឹមតែជាវត្ថុសិល្បៈទេ តែជាសាក្សីរស់ នៃបញ្ញាញាណរបស់បុព្វបុរស និងដួងព្រលឹងនៃអរិយធម៌ខ្មែរ ដែលនឹងផ្តល់ការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជា។
ដំណើរការទាមទារនេះអាចសម្រេចទៅបាន ដោយមានការចូលរួមជ្រោមជ្រែងពីអ្នកជំនាញនៃក្រុមការងារ ស្រាវជ្រាវ ដែលបានផ្តល់ប្រឹក្សា និងរៀបចំការចរចា រហូតឈានដល់ការប្រគល់វត្ថុទាំងនេះមកកម្ពុជាវិញ។ បុគ្គលស្នូល ក្នុងកិច្ចការនេះ គឺលោក Imran Hamid Khwaja ជាដៃគូនៃក្រុមហ៊ុន Tan Rajah & Cheah ដែលជាក្រុមហ៊ុនច្បាប់ ដ៏ចំណាស់បំផុតមួយរបស់ប្រទេសសិង្ហបុរី និងជាមេធាវីដែលមានបទពិសោធន៍ទូលំទូលាយក្នុងការដោះស្រាយវិវាទ អន្តរជាតិ។ លោក Khwaja និងលោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia បានដើរតួនាទី យ៉ាងសំខាន់ក្នុងការសហការ និងចរចាបញ្ជូនត្រឡប់មកវិញនៃរតនវត្ថុជាតិទាំងនេះ។
ការប្រគល់មកវិញនូវវត្ថុបុរាណទាំងនេះ សបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក យុត្តិធម៌ សម្រាប់បេតិកភណ្ឌវប្បធម៌របស់ខ្លួន។ កម្ពុជាមានក្តីរំភើបចំពោះការវិលត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរ មកកាន់មាតុភូមិកំណើត។ សមិទ្ធផលនេះ បានបញ្ជូនសារយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាបន្តរួបរួមគ្នាជាធ្លុងមួយក្នុងការ ការពារមរតកវប្បធម៌របស់ខ្លួនសម្រាប់មនុស្សជាតិទាំងមូល។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងនយោបាយឈ្នះ-ឈ្នះ ដែល បាននាំមកនូវសុខសន្តិភាពពេញលេញ និងស្ថិរភាព ដែលបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការស្វែងរក និងទាមទារ មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលបានបាត់បង់ក្នុងសម័យសង្គ្រាម និងអសន្តិសុខក្នុងប្រទេស។
ក្រសួងសូមថ្លែងអំណរគុណដល់ដៃគូអន្តរជាតិ និងក្រុមការងារ ដែលបានសម្របសម្រួលក្នុងការងារនេះ រួមមាន៖ ក្រុមការងារស្រាវជ្រាវរបស់ក្រសួង, លោក Bradley J. Gordon (Edenbridge Asia) និងជាទីប្រឹក្សាផ្នែកច្បាប់ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, កញ្ញា Melina Antoniadis (NOSTOS Strategies) និងលោក Imran Hamid Khwaja (Tan Rajah & Cheah) ៕



