ក្រសួងឧស្សាហកម្ម លើកទឹកចិត្តដល់ម្ចាស់រោងចក្រ សហគ្រាស ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ឱ្យអស់លទ្ធភាព
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱបញ្ជាក់ថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តដល់ម្ចាស់រោងចក្រ សហគ្រាស ប្រើប្រាស់ផលិតផល ដែលជាវត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាព បន្ទាប់ប្រេងឥន្ធនៈបានហក់ឡើង ខណៈនេះគឺជាការចូលរួមចំណែក ដល់កសិករ និងការលើកកម្ពស់វត្ថុធាតុដើមក្នុងស្រុកផងដែរ។

ក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពលើកិច្ចដំណើរការ ផលិតកម្មរបស់រោងចក្រ សហគ្រាសក្នុងស្រុក ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ជុំវិញការហក់ឡើងប្រេងឥន្ធនៈ បានធ្វើឱ្យប៉ះពាល់ជារួម ក្នុងនោះសម្រាប់រោងចក្រ និងឧស្សាហកម្មនានា ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម បានប៉ះពាល់ដល់ខ្សែ ច្រវាក់ផលិតកម្មផងដែរ តាមរយៈការដឹកជញ្ជូនវត្ថុធាតុដើម និងសេវាដឹកជញ្ជូនផ្សេងៗ ខណៈប្រតិបត្តិការសេវាកម្មដឹកជញ្ជូន ត្រូវបាន ហក់ឡើងថ្លៃ ដែលបញ្ហានេះមិនមែនជះឥទ្ធិពល សម្រាប់តែកម្ពុជាប៉ុណ្ណោះទេ គឺនៅលើពិភពលោកទាំងមូល។
ឯកឧត្តម ហេង សុខគង់ បន្ថែមថា ចំណែកកិច្ចដំណើរ នៅក្នុងការផលិតរបស់រោងចក្រ សហគ្រាសមួយចំនួនមិនមានផលប៉ះពាល់ឡើយ ខណៈ ការផ្គត់ផ្គង់ថាមពលក្នុងស្រុកមានស្ថិរភាពល្អ ដោយក្នុងនោះប្រភពអគ្គិសនីជាច្រើន ដែលយកមកប្រើប្រាស់ គឺជាថាមពលស្អាត បាននិង កំពុងគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម។
បន្ថែមលើនេះ ឯកឧត្តម លើកឡើងថា ទោះបីយ៉ាងណារោងចក្រសហគ្រាសទាំងនោះ ក៏មានផលប៉ះពាលផងដែរ នៅលើ ប្រតិបត្តិការដឹកជញ្ជូន។ បញ្ហានេះ ឯកឧត្តមបានលើកទឹកចិត្តដល់ម្ចាស់រោងចក្រ និងឧស្សាហកម្មផ្សេងៗ ក៏ដូចជាសហគ្រាសធុនតូច និង មធ្យម សូមទាញយកអត្ថប្រយោជន៍ លើការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយនូវខ្ទង់ចំណាយនៃការដឹកជញ្ជូន ដែលតាមរយៈនេះ ក៏ជាការចូលរួមចំណែកដល់កសិករ និងលើកកម្ពស់វត្ថុធាតុដើមក្នុងស្រុកផងដែរ។
ឯកឧត្តម ហេង សុខគង់ លើកឡើងបន្ថែមថា នៅក្នុងបរិបទនៃការហក់ឡើងតម្លៃប្រេងឥន្ធនៈនេះ បានធ្វើឱ្យអតិផរណាថ្លៃមុខ ទំនិញបានហក់ឡើង ទាំងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចការនាំចេញ តែមិនមានការប៉ះពាល់ដល់ការបិទទ្វារ បស់រោងចក្រ សហគ្រាស ឬការបន្ថយខ្សែច្រវាក់ផលិតកម្មនៃរោងចក្រ សហគ្រាសណាមួយនោះឡើយ ទោះបីសេវាដឹកជញ្ជូន និងការផ្គត់ផ្គង់វត្ថុធាតុដើមបានហក់ ឡើងថ្លៃ បញ្ហាទាំងអស់នេះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធានាដល់និរន្តរភាពនៃកិច្ចដំណើរការផលិតកម្មក្នុង ស្រុក៕

រូបតំណាង

រូបតំណាង