ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់កុមារឥណ្ឌាជិត ៥០ នាក់បានស្លាប់ ដោយជាតិពុលក្នុងផ្លែគូលែន

    BY autoadmin June 15, 2019
    យ៉ាងហោចណាស់កុមារឥណ្ឌាជិត ៥០ នាក់បានស្លាប់ ដោយជាតិពុលក្នុងផ្លែគូលែន

    យ៉ាងហោចណាស់មានកុមារជិត ៥០នាក់ នៅក្នុងប្រទេសឥណ្ឌាបានស្លាប់ ដោយសារតែជាតិពុលម្យ៉ាងដែលមាននៅក្នុងផ្លែគូលែន។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឲ្យដឹងថា រហូតមកទល់នឹងពេលនេះមន្ទីរពេទ្យចំនួន២ នៅក្នុងក្រុង Muzaffarpur ភាគខាងលិច ប្រទេសឥណ្ឌា ទទួលបានកុមាររងគ្រោះដោយករណីខាងលើនេះចំនួន ១៧៩នាក់ហើយ ដោយក្នុងនោះមានកុមារ ៤៧នាក់ត្រូវស្លាប់បាត់បង់ជីវិត ព្រោះសង្គ្រោះមិនទាន់ពេល និងក្រៅពីនេះអាចសង្គ្រោះបាន តែត្រូវសម្រាកនៅមន្ទីរពេទ្យ។

    អាជ្ញាធរសុខភាពបានឲ្យដឹងថា ជាតិពុលនៅក្នុងផ្លែគូលែននេះបានធ្វើឲ្យកុមារដែលបានញ៉ាំ ក្តៅខ្លួន កម្រិតជាតិស្ករក្នុងឈាមចុះខ្សោយ និងមានបញ្ហារលាកខួរក្បាលធ្ងន់ធ្ងរតែម្តង ហើយបើបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យមិនទាន់ពេលវេលានោះទេ ពួកគេប្រឈមនឹងការស្លាប់យ៉ាងលឿនបំផុត។ តាមក្រុមអ្នកជំនាញបានពន្យល់ថា ជាតិពុលនៅក្នុងផ្លែគូលែននេះបានកើតឡើងដោយសារតែដីនៅតំបន់ដាំដុះដើមគូលែនទាំងនោះមានជាតិពុលនេះស្រាប់ ហើយមិនមែនគ្រប់ផ្លែគូលែនទាំងអស់សុទ្ធមានផ្ទុកជាតិពុលនេះទេ។ សូមរម្លឹកជូនថា កាលពីឆ្នាំ២០១៣ នៅក្នុងតំបន់ភាគខាងជើងប្រទេសឥណ្ឌាក៏ធ្លាប់មានករណីនេះរាតត្បាតម្តងដែរ ហើយកាលនោះមានកុមារចំនួន ៣៥១នាក់ បានស្លាប់បាត់បង់ជីវិត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ cnn

    Share This Post: