ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ កម្ពុជានឹងរងសម្ពាធពីព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ ដែលអាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់

    BY SOMATEY April 10, 2026
    ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ កម្ពុជានឹងរងសម្ពាធពីព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ ដែលអាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់

    យោងតាម ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា រាជធានី-ខេត្តមួយចំនួននៅកម្ពុជា អាច​នឹង​មានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ដោយ​សារ​ឥទ្ធិពលព្យុះ ទី៤ ឈ្មោះ «ស៊ីនឡាគូ»។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង។

    សេចក្ដី​ជូន​ដំនឹងបានឱ្យដឹងថា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករ​ស្ថាន​ភាព​អាកាស​ធាតុ​រួច​មក​ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធ​ទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាង លិចបានវិវត្តទៅជាព្យុះទី៤ ឈ្មោះ ស៊ីន​ឡាគូ ​(Sinlaku) T2604។ ព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែល​បក់​លើ​សមុទ្រ​ចិន​ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើរ របស់​ព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ នេះ ពុំមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦៖
    ១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជា​មួយ​ផ្គរ​រន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី ២០%។

    ២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌល​គិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង​ខ្យល់​កន្ត្រាក់​គ្រប​ដណ្តប់​លើ​ផ្ទៃដី ១៥%។

    ៣. តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជា​មួយ​ផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។ រលកសមុទ្របោកបក់ខ្លាំង ដែល​មាន​កម្ពស់​មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

    យោង​លើ​ការព្យាករដូចបានជម្រាបជូនខាងលើ ក្រសួងបាន​បាន​ជម្រាប​ជូន​សាធារណ​ជន​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជាពិសេសបងប្អូន ដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក។ ជាមួយគ្នានេះដែរ នៅ​ក្នុង​រដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាង មុខនេះ សូមបង​ប្អូន​មេត្តាយក​ចិត្ត​ទុក​ដាក់​ និងប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ ដែលមានបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់​កន្ត្រាក់​ដែល​អាច​កើតមានច្រើននៅពេលមានភ្លៀងកក់ខែ។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើ ការតាមដាន និងវិភាគអំពី​ស្ថាន​ភាព​ធាតុ​អាកាស​ដើម្បី​ជម្រាប​ជូន​ជា​បន្ត​បន្ទាប់​ក្នុង​ករណី​មាន​កា​រ​ប្រែ​ប្រួល​៕

    ប្រភព ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: