ក្រសួងទេសចរណ៍ និងស្ថានទូតតួកគីយ៉េប្រចាំកម្ពុជា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទេសចរណ៍ឱ្យកាន់តែសកម្ម
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្រសួងទេសចរណ៍ និងស្ថានទូតសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា បន្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទេសចរណ៍ដ៏ល្អ និងប្រកបដោយផ្លែផ្កាឱ្យកាន់តែសកម្ម និងជ្រាលជ្រៅបន្ថែមទៀត។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុង ឱកាសដែលលោកជំទាវ បញ្ចប់អាណត្តិការទូតនៅកម្ពុជា នាទីស្តីការក្រសួង។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ កិច្ចសហការគាំទ្រ ដល់ស្ថានទូតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍កន្លងមក ដែលបាននាំមកនូវសមិទ្ធផលសំខាន់ៗ និងគួរជាទីមោទនៈ អាចសម្រេចបានក្នុងអំឡុងអាណត្តិ បេសកកម្មការទូតរបស់លោកជំទាវ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការតភ្ជាប់ការហោះហើរត្រង់ រវាងទីក្រុង អ៊ីស្តាន់ប៊ុល និងរាជធានីភ្នំពេញក្នុងអាណត្តិទូតលោកស្រី ពិតជាសមិទ្ធផលជាប្រវត្តិសាស្ត្រ និងបានចូលរួមយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ទាំងក្នុង វិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិ ការតភ្ជាប់កម្ពុជា ទៅកាន់ច្រកទ្វារពិភពលោក និងការជួយផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនតួកគី និងពិភពលោកទាំងមូល។
ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូត និងក្រុមគ្រួសារទទួលបានសុខភាពល្អ និង ជោគជ័យ ក្នុងភារកិច្ចការងារបន្តទៀត ព្រមទាំងបានបញ្ជាក់ឡើងវិញ អំពីមិត្តភាពយូរអង្វែងរវាងកម្ពុជា និងតួកគី និងការប្តេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិដ៏ល្អ និងផ្លែផ្កានេះ ឱ្យកាន់តែ រីកចម្រើន និងជ្រាលជ្រៅបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា និងតួកគីយ៉េ។
សូមបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋតួកគី បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៩ ហើយកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ត្រូវបានពង្រឹង តាមរយៈអនុស្សរណៈនៃការយោគយល់ គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៨។ ក្នុងឆ្នាំ២០២៥ កន្លងទៅ មានភ្ញៀវទេសចរតួកគីមកទស្សនាកម្ពុជា ជិត១១.០០០ នាក់ ហើយក្នុងរយៈពេល៣ខែ ដើមឆ្នាំ ២០២៦ មានចំនួនជិត៤.៧០០នាក់ ពោលបានកើនឡើងជិត១៦% ដែលបង្ហាញពីនិន្នាការកើនឡើង ជាបន្តបន្ទាប់ និងជាផ្លែផ្កាជាក់ស្តែងចេញពីវត្តមានជើងហោះហើរត្រង់ រវាងទីក្រុងអ៊ីស្តាន់ប៊ុល និង រាជធានីភ្នំពេញ-ខេត្តសៀមរាប៕


