លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់អំណោយមនុស្សធម៌ដល់លោកតា លោកអុំ លោកពូធាក់ស៊ីក្លូចំនួន ៣៨៣នាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិ បានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការកាយឬទ្ធិនារីកម្ពុជា នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសប្បុរសធម៌កាយឬទ្ធិនារីកម្ពុជា ដោយជួបសំណេះសំណាល និងនាំយកអំណោយសប្បុរសធម៌ របស់សមាគមកាយឬទ្ធិនារីកម្ពុជា ចែកជូន ដល់សមាជិក នៃមូលនិធិត្រីចក្រយានកម្ពុជា មុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាលារាជធានីភ្នំពេញ ។

ក្នុងពិធីសប្បុរសធម៌នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិត្រីចក្រយានកម្ពុជា បានគូសបញ្ជាក់ថា សមាគមមានសមាជិកសកម្ម ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ សរុប ៣៨៣នាក់ ដោយក្នុងនោះសមាជិកចាស់២៨៥នាក់ និងសមាជិកបញ្ចូលថ្មី ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន៩៨នាក់ ។ ក្រោយការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវមូលនិធិស៊ីក្លូរបស់សម្តេចតេជោ ហ៊ុន សែន សមាគម បានផ្តល់ជូនសមាជិកនីមួយៗ នូវអត្ថប្រយោជន៍ ជាច្រើន ស្របតាមលក្ខខណ្ឌ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ដែលបានតម្កល់ទុកនៅក្នុងក្រសួងមហាផ្ទៃ ។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ការជួបជុំគ្នានាឱកាសនេះ ស្របពេលដែលប្រជាជនខ្មែរទូទាំងប្រទេស កំពុងត្រៀមរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ដែលជាពេលវេលាមានសារសំខាន់ សម្រាប់ពលរដ្ឋខ្មែរគ្រប់រូប ជួបជុំគ្រួសារ សម្តែងការដឹងគុណ ចំពោះចាស់ព្រឹទ្ធាចារ្យ លេងល្បែងប្រជាប្រិយ និងទទួលសិរីសួស្តីក្នុងឆ្នាំថ្មី ។ ឈរលើមូលដ្ឋាននេះ សមាគមកាយឬទ្ធិនារីកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់លោកជំទាវបណ្ឌិត បានរៀបចំនូវពិធីសប្បុរសធម៌ និងនាំមកនូវអំណោយ ដ៏ថ្លៃថ្លាបំផុត របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សម្រាប់ចែកជូនដល់ សមាជិក នៃមូលនិធិត្រីចក្រយានកម្ពុជា ចំនួន៣៨៣នាក់ ដើម្បីជាការចែករំលែកនូវសេចក្តីស្រឡាញ់ និងការចូលរួមចំណែកជាមួយបងប្អូនទាំងអស់គ្នា ក្នុងការអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ជាមួយនឹងក្រុមគ្រួសារនៅពេលខាងមុខនេះ ។
ថ្លែងក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការកាយឬទ្ធិនារីកម្ពុជា បាននាំមកនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហម កម្ពុជា ជាពិសេសការនឹករលឹក របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទៅដល់សមាជិកទាំងអស់ ក្នុងឱកាសនេះ ។
លោកជំទាវបណ្ឌិត បានថ្លែងថា សមាគមកាយឬទ្ធិនារីកម្ពុជា តែងតែកំណត់ជារៀងរាល់ឆ្នាំ ដើម្បីជួបជុំគ្នា ជាពិសេសជួបសំណេះសំណាលសួរសុខទុក្ខ ដល់សមាជិក មូលនិធិត្រីចក្រយានកម្ពុជា ដែលជាអ្នកប្រកប របរធាក់ស៊ីក្លូ។
ការជួបជុំគ្នានាពេលនេះ មានគោលបំណង៣យ៉ាង ទី១ គឺមកសួរសុខទុក្ខ មកលើកទឹកចិត្ត ជូនលោកតា លោកអ៊ុំ និងពូៗ អមជាមួយអំណោយដ៏ថ្លៃថ្លា ជាសម្ភារៈប្រើប្រាស់ និងថវិកា ធ្វើយ៉ាងណាបានប្រគល់ជូនមុនចូលឆ្នាំខ្មែរ ។ ទី២ គឺនាំក្មួយៗ ដែលជាក្មេងៗជំនាន់ក្រោយ នៃសមាជិកាសកម្មរបស់សមាគមកាយឬទ្ធិនារីកម្ពុជា ចូលរួម ដើម្បីស្វែងយល់ និងមើលឃើញដោយផ្ទាល់ អំពីការខិតខំប្រឹងប្រែង របស់ឪពុកម្តាយគ្រប់រូប ក្នុងការតស៊ូ ជាឧទាហរណ៍ មុខរបរធាក់ស៊ីក្លូនេះ ជាកិច្ចការងារមួយមិនស្រួលឡើយ ត្រូវធ្វើការក្រោមកំដៅថ្ងៃក្តៅ ក្រោមភ្លៀង ប៉ុន្តែនៅតែបន្តខិតខំ សម្រាប់ជីវភាពរស់នៅ ជាពិសេសផ្គង់ផ្គង់សមាជិកគ្រួសារដែលនៅផ្ទះ ជាពិសេសសម្រាប់អនាគតកូនៗ ហេតុនេះហើយ យុវជនជំនាន់ក្រោយ ត្រូវចេះដឹងគុណចំពោះឪពុកម្តាយ ។ ទី៣ គឺចង់បង្ហាត់បង្រៀន ដល់សមាជិកាសកម្ម ជំនាន់ក្រោយ នៃសមាគមកាយឬទ្ធិនារីកម្ពុជា នូវវប្បធម៌ចែករំលែក ត្រូវចេះជួយគ្នាទៅវិញទៅមក ក្នុងនាមអ្នកដែលមានធនធាន មានលទ្ធភាព ត្រូវចេះជួយ និងចែករំលែកដល់អ្នកខ្សត់ខ្សោយជាងខ្លួន ។
បន្ថែមលើនេះ លោកជំទាវបណ្ឌិត ក៏បានផ្តែផ្តាំដល់សមាជិក នៃមូលនិធិត្រីចក្រក្រយានកម្ពុជា ត្រូវគិតគូរពីសុខភាពរបស់ខ្លួន កុំទុកដល់ឈឺធ្ងន់ទើបទៅរកសេវាព្យាបាល ខណៈសមាជិកទាំងអស់ សុទ្ធតែមានបណ្ណ ប.ស.ស. ដែលអាចទៅពិនិត្យសុខភាព និងព្យាបាលនៅមន្ទីរពេទ្យ ដោយមិនមានការបង់ប្រាក់ឡើយ ដោយរាជរដ្ឋាភិបាលជាអ្នកជួយ ក្នុងការចំណាយការព្យាបាលទាំងអស់ ដូច្នេះកុំបារម្ភលើការចំណាយ ហើយនឹងចេះថែទាំសុខភាព និងតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ ។
ជាងនេះទៅទៀត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី យល់ថា សមាជិកមូលនិធិត្រីចក្រក្រយានកម្ពុជា ដែលជាអ្នកធាក់ស៊ីក្លូទាំងអស់ ក៏ជាអ្នកចូលរួមចំណែក រក្សាអត្តសញ្ញាណរបស់រាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាផងដែរ ព្រោះថា របរធាក់ស៊ីក្លូ ក៏ជាអត្តសញ្ញាណជាតិមួយផងដែរ ដែលមានជាយូរមកហើយ ខណៈសមាជិកទាំងអស់ គឺជាអ្នកថែរក្សា អត្តសញ្ញាណនេះ ជាពិសេសថែរក្សា មុខរបរធាក់ស៊ីក្លូរផងដែរ ។លោកជំទាវបណ្ឌិតក៏បានបញ្ជាក់ដែរថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍ដល់ កូនៗ និងចៅៗ របស់ លោកតា លោកអុំ និងលោកពូ ធ្លាក់ស៊ីក្លូទំាងអស់ ដើម្បីបានបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលធ្វើ ឱ្យពួកគាត់បានសិក្សាខ្ពង់ខ្ពស់និងមានអនាគតល្អ។
ក្នុងនោះដែរ លោកជំទាវបណ្ឌិត ក៏មិនភ្លេចឡើយ នូវការថ្លែងអំណរគុណ និងកោតសរសើរ ចំពោះទឹកចិត្តរបស់សមាជិក មូលនិធិត្រីចក្រយានកម្ពុជា បើទោះបីខ្លួនមានជីវភាព មិនសម្បូរសប្បាយយ៉ាងណាក៏ដោយ ក៏នៅតែចែករំលែកនូវធនធានរបស់ខ្លួនដូចជាថវិកាក្តី សម្ភារៈក្តីដល់គ្រួសារជនភៀសសឹក និងវីរកងទ័ព ក្នុងអំឡុងពេលដែលកម្ពុជា ត្រូវបានប្រទេសជិតខាងឈ្លានពាននាពេលកន្លងមក ដោយលោកជំទាវបណ្ឌិត ចាត់ទុកសកម្មភាពទាំងនេះថា ជាសកម្មភាពមួយបង្ហាញពីក្តីស្រឡាញ់ “ខ្មែរស្រឡាញ់ខ្មែរ”៕











ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិ