ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តព្រះសីហនុ បង្ក្រាបទីតាំង អនឡាញស្គេម ៣កន្លែង និងឃាត់ខ្លួនជនបរទេស ៤៥នាក់

    BY SOMATEY April 22, 2026
    អាជ្ញាធរខេត្តព្រះសីហនុ បង្ក្រាបទីតាំង អនឡាញស្គេម ៣កន្លែង និងឃាត់ខ្លួនជនបរទេស ៤៥នាក់

    ក្នុងកិច្ចប្រតិបត្តិការរឹតបន្តឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រះសីហនុបានបើកយុទ្ធនាការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scamsជាបន្តបន្ទាប់ ។ យោងតាមរបាយការណ៍វឌ្ឍនភាពការងារអនុវត្តអនុក្រឹត្យលេខ០៣ កាលពី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរបានរកឃើញ និងបង្ក្រាបបទល្មើស Online Scams នៅចំនួន ៣ទីតាំង ក្នុងចំណោមទីតាំងដែលបានត្រួតពិនិត្យសរុប ១៧កន្លែង។

    កិច្ចប្រតិបត្តិការបង្ក្រាបតាមទីតាំងនីមួយៗរួមមាន: ទីតាំងទី១៖ នៅចំណុចផ្ទះជួលរបស់ឈ្មោះ យស់ សាវ៉ាត ស្ថិតក្នុងភូមិថ្មធំ សង្កាត់រាម ក្រុងកំពង់សោម ។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ និងដកហូតកុំព្យូទ័រលើតុ ៤គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង និងទូរសព្ទដៃ ៣៨គ្រឿង ។

    ទីតាំងទី២៖ នៅចំណុចបឹងហ្គាឡូ ស្ថិតក្នុងភូមិរាម សង្កាត់រាម ក្រុងកំពង់សោម ឃាត់ខ្លួនជនបរទេសសរុបចំនួន ៣៦នាក់ រួមជាមួយសម្ភារៈសង្ស័យជាច្រើនរួមមាន កុំព្យូទ័រលើតុ ១៨គ្រឿង និងទូរសព្ទដៃ ៧២គ្រឿង ។ ទីតាំងទី៣៖ នៅផ្ទះវីឡាជួល ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនចំនួន ៥នាក់ និងដកហូតកុំព្យូទ័រលើតុ ១៣គ្រឿង ព្រមទាំងទូរសព្ទដៃ ៧គ្រឿង ។

    បច្ចុប្បន្ន មនុស្សសរុបចំនួន ៤៥នាក់ និងវត្ថុតាងជាសម្ភារៈបច្ចេកវិទ្យាជាច្រើនគ្រឿង ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ។ គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ចំនួនទីតាំងដែលត្រូវបានបង្ក្រាបពាក់ព័ន្ធនឹងបទល្មើសអនឡាញ (Online Scams) ក្នុងខេត្តព្រះសីហនុ បានកើនឡើងដល់ ៣២ទីតាំងហើយ ។ សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។

    ច្បាប់នេះមាន៥ជំពូក និង២៤មាត្រា ។ ជាមួយច្បាប់ នេះ បទ ល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបាន បង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ ៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: