រថយន្តអគ្គិសនីជាង ១៦០០ គ្រឿងបានចុះបញ្ជី គិតត្រឹមខែមីនា ការប្រើប្រាស់កើនឡើងជាលំដាប់
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ ទូរទស្សន៍ជាតិកម្ពុជា ទទក បានបញ្ជាក់ថា រថយន្តអគ្គិសនីជាង ១៦០០ គ្រឿងបានចុះបញ្ជី គិតត្រឹមខែមីនា ការប្រើប្រាស់កើនឡើងជាលំដាប់។ ឯកឧត្តម ជន រីម មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ២០២៦ មានរថយន្តអគ្គិសនីចំនួន ១.៦៧៦ គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងនោះរថយន្តមានចំនួន ១ ២៩៣ គ្រឿង ដែលតួលេខមានកំណើនជាលំដាប់។

ចំណែកនៅខែមករា ឆ្នាំ ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីចំនួន ៤៨៨ គ្រឿង ក្នុងនោះរថយន្តមានចំនួន ៤០៩គ្រឿង, ខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្ត អគ្គិសនីចុះបញ្ជីចំនួន ១០៧៨ គ្រឿង ក្នុងនោះរថយន្តមានចំនួន ៨៨៩ គ្រឿង។ គិតត្រឹមខែមីនា ឆ្នាំ ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៦២១០ គ្រឿង ក្នុងនោះទោចក្រយានយន្តមានចំនួន ៣ ៨៣២ គ្រឿង ត្រីចក្រយានយន្តមានចំនួន ៧២២ គ្រឿង និងរថយន្តមានចំនួន ១១ ៦៥៦ គ្រឿង។
ខណៈដែលពិភពលោកកំពុងប្រឈមមុខក្តីបារម្ភពីការបំភាយឧស្ម័នកាបូនឌីអុកស៊ីតពីយានយន្តប្រើចំហេះឥន្ធនៈ ដែលបណ្តាលកើនឡើងកម្ដៅផែនដី ការប្រែប្រួល កាសធាតុ ការធ្លាក់ចុះគុណភាពខ្យល់ និងការបំពុលបរិស្ថានទាំងមូល រដ្ឋាភិបាលកម្ពុជាបានដាក់ផែនការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីក្នុងចំណោមមន្ត្រី រាជការ និងប្រជាពលរដ្ឋទូទៅសម្រេចឲ្យបាន ៣ ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ ២០៣០។
យានយន្តអគ្គិសនី មិនត្រឹមចូលរួមលើកកម្ពស់តម្លៃបរិស្ថាន និងសុខភាពសាធារណៈ រួមទាំងពង្រឹងសន្តិសុខថាមពល រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោល នយោបាយជាតិស្តីពីយានយន្តអគ្គិសនី ដើម្បីបន្សំសម្ដៅចាប់យកឱកាសទាំងផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍ថ្មី និងឈានសម្រេចប្រទេសកម្ពុជាជាប្រទេសអព្យាក្រឹត្យ កាបូននៅឆ្នាំ ២០៥០។
សូមបញ្ជាក់ថា ដើម្បីជំរុញសន្ទុះការប្រើប្រាស់យានយន្តអគ្គិសនីឈានឲ្យបាន ៣ ម៉ឺនគ្រឿងត្រឹមឆ្នាំ ២០៣០ ការបង្កើតទីតាំងស្ថានីយបញ្ចូលអគ្គិសនីបន្ថែមគឺចាំបាច់ ណាស់ ដើម្បីឆ្លើយតបកំណើនការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា៕



ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក