ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    និស្សិតមីយ៉ាន់ម៉ា ២១រូប បញ្ចប់ការសិក្សាជំនាញអវយវៈសិប្បនិម្មិតនៅកម្ពុជា និងត្រៀមយកចំណេះដឹងទៅបម្រើប្រទេសជាតិវិញ

    BY soknita April 22, 2026
    និស្សិតមីយ៉ាន់ម៉ា ២១រូប បញ្ចប់ការសិក្សាជំនាញអវយវៈសិប្បនិម្មិតនៅកម្ពុជា និងត្រៀមយកចំណេះដឹងទៅបម្រើប្រទេសជាតិវិញ

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នារសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសមជាមួយ និស្សិតមីយ៉ាន់ម៉ាចំនួន ២១រូប និងក្រុមយុទ្ធសាស្ត្ររបស់អង្គការ Exceed ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធ។

    ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ឱកាសដល់និស្សិតមីយ៉ាន់ម៉ា បានបន្តការសិក្សា និងបញ្ចប់ដោយជោគជ័យនូវជំនាញវិស្វកម្មឧបករណ៍អវយវៈសិប្បនិម្មិត និងរណប នៅមហាវិទ្យាល័យវិស្វកម្មឧបករណ៍អវយវៈសិប្បនិម្មិត និងរណបកម្ពុជា។ និស្សិតទាំងនេះត្រូវបានផ្ទេរមកពីប្រទេសមីយ៉ាន់ម៉ា ក្រោមការគាំទ្រពីមូលនិធិជប៉ុន និងអង្គការ Exceed Worldwide ដោយមានការទទួលស្គាល់ក្រេឌីតសិក្សាយ៉ាងពេញលេញពីក្រសួងអប់រំ យុវជន និងកីឡា តាំងពីឆ្នាំ២០២២ កន្លងមកនេះ។ បច្ចុប្បន្ន ក្រុមនិស្សិត បានបញ្ចប់ការសិក្សាជាស្ថាពរ ហើយគ្រោងនឹងធ្វើដំណើរត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញនាពេលខាងមុខនេះ។

    នាក្នុងឱកាសនេះ តំណាងអង្គការអ៉ិកស៉ីដវើលវ៉ាយដ៍ (Exceed Worldwide) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ការគាំទ្រនាពេលកន្លងមក និងបានលើកឡើងថា ក្នុងអំឡុងពេលសិក្សានៅកម្ពុជា និស្សិតម្នាក់ៗបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយសង្គ្រោះ និងផ្ដល់សេវាស្ដារលទ្ធភាពពលកម្មដល់ប្រជាជនកម្ពុជាជាច្រើនរូបរួចមកហើយ។ បន្ទាប់ពីបញ្ចប់បេសកកម្មនេះ ពួកគាត់នឹងនាំយកចំណេះដឹង និងជំនាញបច្ចេកទេសទាំងនេះ ត្រឡប់ទៅបម្រើប្រជាជននៅប្រទេសមីយ៉ាន់ម៉ាវិញ។

    ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងអបអរសាទរដល់និស្សិត និងគ្រូឧទ្ទេសទាំងអស់ ដែលបានបញ្ចប់ការសិក្សា និងការចុះអនុវត្តការងារផ្ទាល់នៅកម្ពុជាដោយជោគជ័យ ព្រមទាំងបានលើកឡើងពីគុណតម្លៃនៃការសិក្សាជំនាញឯកទេសផ្នែកឧបករណ៍អវយវៈសិប្បនិម្មិតនេះថា គឺជាការផ្ដល់ “ជីវិតទីពីរ” ដល់ជនមានពិការភាព ព្រោះកម្ពុជាធ្លាប់មានបទពិសោធរងគ្រោះដោយសារគ្រាប់មីន និងសង្គ្រាមនាពេលអតីតកាល ដែលធ្វើឱ្យប្រជាជនបាត់បង់សមត្ថភាពការងារ និងការរស់នៅ។ ការបំពាក់អវយវៈសិប្បនិម្មិត មិនត្រឹមតែជួយឱ្យពួកគេអាចប្រកបរបរចិញ្ចឹមជីវិតបានឡើងវិញប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវសេចក្ដីសង្ឃឹម និងលទ្ធភាពក្នុងការរស់នៅដោយឯករាជ្យម្ចាស់ការក្នុងសង្គម។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការ Exceed Worldwide សម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សដ៏មានសារៈសំខាន់នេះ ដែលនឹងក្លាយជាកម្លាំងចលករជួយដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសក្នុងបរិបទដ៏លំបាកនាពេលបច្ចុប្បន្ន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: