កម្ពុជា និងសិង្ហបុរី ស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារ និងនវានុវត្តន៍
យោងតាមការចុះផ្សាយរបស់ ក្រសួងព៏ត៌មាន នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពអាហារ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្តោតលើអត្ថប្រយោជន៍ជាក់ស្តែង និងការផ្សារភ្ជាប់ជាមួយវិស័យឯកជន។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីកំណើនសមត្ថភាពរបស់កម្ពុជា ក្នុងការបំពេញតាមស្តង់ដាអន្តរជាតិ ដោយរំលេចកំណើននៃផលិតផលអាហារកម្ពុជាដែលបាននិងកំពុងនាំចេញទៅទីផ្សារនៃប្រទេសអភិវឌ្ឍន៍។ ឯកឧត្តមបានលើកឡើងថា៖ “ផលិតផលអាហារកម្ពុជាកាន់តែច្រើនត្រូវបាននាំចេញទៅទីផ្សារសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងទីផ្សារប្រទេសធំៗផ្សេងទៀត ដែលក៏អាចជាគោលដៅសម្រាប់ទីផ្សារសិង្ហបុរីផងដែរ បន្ថែមលើកសិផលស្រស់។” ឯកឧត្តមបានបន្ថែមថា ការពង្រឹងប្រព័ន្ធសុវត្ថិភាពអាហារ នឹងជួយពង្រីកសក្តានុពលពាណិជ្ជកម្មបន្ថែមទៀតរវាងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតសិង្ហបុរីបានស្វាគមន៍ចំពោះការផ្តួចផ្តើមនេះ និងបានបញ្ជាក់ពីផែនការសម្របសម្រួលកិច្ចសហការជាមួយអាជ្ញាធរសុវត្ថិភាពអាហារសិង្ហបុរី រួមទាំងការរៀបចំដំណើរទស្សនកិច្ច និងសិក្ខាសាលាសា សម្រាប់អ្នកនាំចេញផលិតផលអាហារកម្ពុជា។
ឯកឧត្តមបានលើកឡើងពីសារសំខាន់នៃការធ្វើពិពិធកម្ម ក្នុងបរិបទពិភពលោកបច្ចុប្បន្ន ដោយមានបញ្ជាក់ថា៖ “សព្វថ្ងៃ យើងផ្តោតមិនត្រឹមតែលើបញ្ហាសន្តិសុខបែបប្រពៃណីប៉ុណ្ណោះទេ។ អ្វីៗអាចត្រូវបានប្រើជាអាវុធ រួមទាំងពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងថាមពល។ សម្រាប់ប្រទេសតូច ពិពិធកម្មគឺពិតជាមានសារសំខាន់ណាស់ រួមទាំងក្នុងវិស័យអាហារផងដែរ។” ក្រៅពីសុវត្ថិភាពអាហារ ភាគីទាំងពីរបានពិភាក្សាលទ្ធភាពពង្រីកកិច្ចសហការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងការអភិវឌ្ឍជំនាញឌីជីថលសម្រាប់យុវជន។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងពីកិច្ចខិតខំរបស់សិង្ហបុរី ក្នុងការអភិវឌ្ឍម៉ូដែលបច្ចេកវិទ្យា AI សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងបានបង្ហាញចំណាប់អារម្មណ៍សហការបង្កើតនវានុវត្តន៍រួមជាមួយកម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីសារសំខាន់នៃការប្រែក្លាយកិច្ចសហប្រតិបត្តិការ ពីគោលនយោបាយទៅជាអត្ថប្រយោជន៍ជាក់ស្តែង ជាពិសេសតាមរយៈកិច្ចសហការរវាងអ្នកស្រាវជ្រាវនិងអ្នកស្រាវជ្រាវ និងរវាងយុវជននិងយុវជន។
ឯកឧត្តមបានបន្ថែមថា៖ “នៅពេលយើងនិយាយអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា យើងនិយាយភាសាតែមួយ ហើយកម្ពុជាអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅកម្រិតស្ថាប័ន និងផ្តោតលើលទ្ធផលជាក់ស្តែង។” ភាគីទាំងពីរក៏បានពិភាក្សាកិច្ចសហការក្នុងវិស័យថ្មីៗ ដូចជាកំណើនបៃតង និងការគាំទ្រយន្តការឥណទានកាបូន៕




ប្រភព៖ ក្រសួងព័ត៌មាន