ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា រដូវវស្សាឆ្នាំ២០២៦ នេះ អាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា លឿនជាងឆ្នាំ២០២៥ កន្លងទៅ
(រាជធានីភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បាន បញ្ជាក់ថា រដូវវស្សាឆ្នាំ២០២៦ នេះ អាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា លឿនជាងឆ្នាំ២០២៥ កន្លងទៅ។ នេះបើតាមការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវវស្សា ចាប់ពីខែឧសភា ដល់ ខែតុលា ឆ្នាំ២០២៦។

តាមរយៈសេចក្ដីជូនដំណឹងពី ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់បន្ថែមពីស្ថានភាព អាកាសធាតុនៅក្នុងរដូវវស្សាឆ្នាំ២០២៦ យោងទៅលើការព្យាករស្តីពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហា សមុទ្រឥណ្ឌា និងតំបន់អេក្វាទ័របង្ហាញឱ្យឃើញថា៖
១-បាតុភូត អែនសូ អព្យាក្រឹត (ENSO-Neutral) នៅបន្តកើតឡើងក្នុងកម្រិត ៨០% រហូតដល់ខែមិថុនា និងថយមកនៅត្រឹម ៤០% នៅក្នុងខែកក្កដា ឆ្នាំ២០២៦។ ដោយឡែក ចាប់ពីខែសីហា រហូតដល់ខែធ្នូ បាតុភូត អែលនីញ៉ូ (El Niño) នឹងកើនដល់កម្រិត ៩០%។
២-បាតុភូត អាយ អូ ឌី (IOD) ដែលស្ថិតនៅមហាសមុទ្រឥណ្ឌា ស្ថិតនៅអព្យាក្រឹត (IOD-Neutral) រហូត ដល់ខែតុលា ឆ្នាំ២០២៦។
ចំពោះស្ថានភាពបែបនេះនឹងធ្វើឱ្យរដូវវស្សា ឆ្នាំ២០២៦ អាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២៦ ដែលលឿនជាងឆ្នាំ ២០២៥។ ដោយសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងមធ្យមអតិបរមា ៣៦°C ដែលទាបជាងសីតុណ្ហភាពមធ្យម ភាគច្រើនឆ្នាំ និងមានលក្ខណៈដូចឆ្នាំ២០២៥។
១. ដើមរដូវវស្សា៖
១.១. សីតុណ្ហភាព៖ សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។
១.២. បរិមាណទឹកភ្លៀង៖ នៅខែឧសភា ដល់ខែមិថុនា មានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និង បរិមាណទឹកភ្លៀងមានពីមធ្យមទៅច្រើន។ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន។
២. ពាក់កណ្តាលរដូវវស្សា៖
២.១. សីតុណ្ហភាព៖ សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។
២.២. បរិមាណទឹកភ្លៀង៖ នៅខែកក្កដា ដល់ខែសីហា មានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និង បរិមាណទឹកភ្លៀងមានពីមធ្យមទៅច្រើន។ ជាមួយគ្នានេះដែរ កូនរដូវប្រាំងអាចនឹងកើតមាននៅក្នុងសប្តាហ៍ទី២ និងចប់ទៅវិញនៅពាក់កណ្តាលសប្តាហ៍ទី៣ នៃខែសីហា ដដែល។
៣. ចុងរដូវវស្សា៖
៣.១. សីតុណ្ហភាព៖ សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។
៣.២. បរិមាណទឹកភ្លៀង៖ នៅខែកញ្ញា ដល់ខែតុលា មានកម្ពស់ខ្ពស់ជាង ឫប្រហាក់ប្រហែលនឹងមធ្យម ភាគច្រើនឆ្នាំ និងបរិមាណទឹកភ្លៀងមានពីច្រើនទៅមធ្យម។
យោងតាមការព្យាករណ៍អាកាសធាតុសម្រាប់រដូវវស្សា ឆ្នាំ២០២៦ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងមធ្យមអតិបរមា ៣៦°C ដែលទាបជាងសីតុណ្ហភាពមធ្យមភាគច្រើនឆ្នាំ និងមានលក្ខណៈប្រហាក់ប្រហែលនឹង ឆ្នាំ២០២៥។ បរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អដូច ឆ្នាំ២០២៥ ។ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន។ រីឯកូនរដូវប្រាំងអាចនឹងកើតមាននៅ ក្នុងសប្តាហ៍ទី២ នៃខែសីហា និងចប់ទៅវិញនៅពាក់កណ្តាលសប្តាទី៣ នៃខែសីហា ដដែល។
យោងលើការព្យាករអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន។ ក្រសួង ធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ សូមយកចិត្តទុក ដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានច្រើន នៅក្នុងឆ្នាំ២០២៦៕


ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម