ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈរដ្ឋមន្ត្រីកម្ពុជា ស្នើឱ្យច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវប្រកាសជាការប្រញាប់

    BY soknita April 24, 2026
    គណៈរដ្ឋមន្ត្រីកម្ពុជា ស្នើឱ្យច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវប្រកាសជាការប្រញាប់

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីកម្ពុជា ស្នើឱ្យច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវប្រកាសជាការប្រញាប់។


    ដោយយោងតាមសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្ត មាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ កំណត់អំពីវិធាននៃការអនុវត្ត កាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ ប្រទេសជាតិ។

    តាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុ ចាប់ពី១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ដោយឡែក ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។

    ប្រភពដដែល បានបន្តថា គណៈរដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។

    តាមសេចក្តីប្រកាសព័ត៌មានខាងលើ កន្លងមកព្រះរាជាណាចក្រកម្ពុជា មានច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/១២០៦/០៣០ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ផ្សេងទៀត។ ប៉ុន្តែច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុ និងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។

    រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តនិរន្តរភាពគោលការណ៍គ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ កងយោធពលខេមរភូមិន្ទ បាននិងកំពុងអនុវត្តភារកិច្ចការពារជាតិ ចូលរួមក្នុងការអភិវឌ្ឍសង្គម និងជួយសង្គ្រោះគ្រប់រូបភាព និងអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: