ចិនក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលមាន “ប័ណ្ណប៉ាតង់ច្នៃប្រឌិតរបស់ថ្មី” រហូតដល់ជាង ៥លាន
ចិន៖ ចិនក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលមាន “ប័ណ្ណប៉ាតង់ច្នៃប្រឌិតរបស់ថ្មីមានសុពលភាព” ( Valid Invention Patent) ជាង ៥លាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែមេសា។ សូមបញ្ជាក់ថា “ប៉ាតង់ច្នៃប្រឌិតរបស់ថ្មី” គឺជាកម្មសិទ្ធិបញ្ញាស្របច្បាប់មួយ ដែលរដ្ឋផ្តល់ឱ្យអ្នកបង្កើតរបស់ថ្មីណាមួយក្នុងគោលបំណងដើម្បីការពារ និងគ្រប់គ្រងការប្រើប្រាស់នៃរបស់ដែលពួកគេបានបង្កើតថ្មីនោះក្នុងរយៈពេលកំណត់មួយ។

បើតាមលោក Rui Wenbiao អនុប្រធានរដ្ឋបាលកម្មសិទ្ធិបញ្ញាជាតិចិន បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ប្រទេសចិនបន្តនាំមុខគេក្នុងការអភិវឌ្ឍកម្មសិទ្ធិបញ្ញា ដោយទទួលបានប័ណ្ណប៉ាតង់សំខាន់ៗជាច្រើននៅក្នុងឧស្សាហកម្មថ្មីៗដូចជា បច្ចេកវិទ្យាកង់ទិច ការផលិតជីវសាស្ត្រ ចំណុចប្រទាក់ខួរក្បាល-កុំព្យូទ័រ និងការទំនាក់ទំនង 6G ជាដើម។ លោកបានបន្តថា នៅឆ្នាំ ២០២៥ អាជ្ញាធរចិនបានផ្តល់ប័ណ្ណប៉ាតង់ច្នៃប្រឌិតរបស់ថ្មីចំនួន ៩៧២,០០០ ខណៈដែរប័ណ្ណប៉ាតង់ច្នៃប្រឌិតរបស់ថ្មីដែលបានចុះបញ្ជីពាណិជ្ជសញ្ញាមានជាង ៤,២លានរួចស្រាប់ទៅ ដូចនេះទើបធ្វើឱ្យចំនួនប៉ាតង់ប័ណ្ណប៉ាតង់ច្នៃប្រឌិតរបស់ថ្មីត្រូវកើនឡើងរហូតដល់ជាង ៥លាន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time