BBC៖ ស្រោមអនាម័យនឹងត្រូវឡើងថ្លៃ ៣០% ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា
ម៉ាឡេស៊ី៖ ស្រោមអនាម័យនឹងត្រូវឡើងថ្លៃខ្ទង់ ៣០% ឬខ្ពស់ជាងនេះ ដោយសារតែបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២២ ខែមេសា។ ការឡើងថ្លៃនេះគឺដោយសារតែតម្លៃនៃវត្ថុធាតុដើមសម្រាប់ការផលិត និងការវេចខ្ចប់កំពុងឡើងថ្លៃទៅតាមទីផ្សារជាក់ស្តែងនាពេលបច្ចុប្បន្ននេះ។

បើតាមលោក Goh Miah Kiat ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតស្រោមអនាម័យធំបំផុតនៅលើពិភពលោកគឺក្រុមហ៊ុន Karex បានបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចនៅពេលនេះគឺផុយស្រួយខ្លាំងណាស់ ជាពិសេសនេះគឺការដឹកជញ្ជូនមានភាពយឺតយ៉ាវខ្លាំងនិងមានតម្លៃខ្ពស់ ដែលបញ្ហានេះបានរុញឱ្យតម្លៃនៃចង្វាក់ផលិតកម្មផ្សេងៗទៀតត្រូវឡើងខ្ពស់ផងដែរ។ នាយកប្រតិបត្តិរូបនេះបានបន្តថា នៅចំពោះមុខស្ថានភាពនេះយើងគ្មានជម្រើសអ្វីក្រៅពីផ្ទេរការចំណាយទាំងនេះទៅកាន់អតិថិជនទេ ពោលគឺដំឡើងថ្លៃខ្ទង់ ៣០% ឬអាចខ្ពស់ជាងនេះ។ សូមបញ្ជាក់ជូនថា Karex គឺជាក្រុមហ៊ុនផលិតស្រោមអនាម័យ ដែលមានមូលដ្ឋានៅក្នុងប្រទេសម៉ាឡេស៊ី ហើយតាមធម្មតាក្រុមហ៊ុនអាស៊ីមួយនេះអាចផលិតស្រោមអនាម័យបានប្រមាណជា ៥ពាន់លានស្រោមនៅក្នុងមួយឆ្នាំ៕

លោក Goh Miah Kiat
អត្ថបទ៖ ភក្តី
ប្រភព៖BBC