អាជ្ញាធរមីន ស្នើមូលនិធិចិនសម្រាប់សន្តិភាព ជួយគាំទ្រដល់ជនមានពិការភាពនៅកម្ពុជា
ភ្នំពេញ ៖ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើមូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍ ពិចារណាជួយគាំទ្រដល់ជនមានពិការភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី Wang Yahui នាយិកាមូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ ចូលជួបសម្តែងការគួរសម នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនកោតសរសើដល់សកម្មភាពមនុស្សធម៌របស់មូលនិធិ ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យមូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ ពិចារណាក្នុងការជួយគាំទ្រដល់ជនមានពិការភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។
ជាមួយគ្នានេះ លោកស្រី Wang Yahui បានស្នើឱ្យអាជ្ញាធរមីនផ្តល់នូវការគាំទ្រ ផ្តល់ភាពដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងការរួមចំណែករបស់មូលនិធិក្នុងសកម្មភាពមនុស្សធម៌នៅកម្ពុជា ។
លោកស្រីក៏បានគូសបញ្ជាក់ដែរអំពីសកម្មភាពនានារបស់មូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងនោះផ្តោតសំខាន់លើការងារមនុស្សធម៌ និងមានដៃគូជាមួយអង្គការសង្គមស៊ីវិលជាច្រើន ក្នុងការជួយគាំទ្រដល់សកម្មភាពមនុស្សធម៌តាមប្រទេសក្នុងតំបន់។
ជាលទ្ធផលនៃកិច្ចជំនួបភាគីទាំងពីរ គឺអាជ្ញាធរមីន និងមូលនិធិចិនសម្រាប់សន្តិភាព បានប្តេជ្ញាសហការគ្នា និងផ្តល់ភាពជាដៃគូរវាងគ្នា ក្នុងដំណើរការរួមគ្នាលើសកម្មភាពមនុស្សធម៌ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរមនា។
សូមបញ្ជាក់ថា មូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ មានទីស្នាក់ការនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ ហើយបាននិងកំពុងជួយដល់សហគមន៍ក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា៕






ប្រភព វិទ្យុជាតិកម្ពុជា