បុរសម្នាក់ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យទៅលើជនបរទេសម្នាក់ នៅក្បែររបងវត្តឧណ្ណាលោម ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ យកមកសួរនាំ និងសុំទោសជាសាធារណៈ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសម្នាក់ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យទៅលើជនបរទេសម្នាក់ នៅក្បែររបងវត្តឧណ្ណាលោម ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ យកមកសួរនាំ និងសុំទោសជាសាធារណៈ។

តាមការចញញចាក់លម្អិតពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរសជាជនអនាថាម្នាក់ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ គំរាមរកវាយទៅលើជនបរទេស ម្នាក់ នៅក្បែររបងវត្តឧណ្ណាលោមត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ នាំយកមកសួរនាំ និងសុំទោសជាសាធារណៈចំពោះកំហុសឆ្គងទៅលើជនបរទេស។
សូមបញ្ជាក់ថា ក្រោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម មានបុរសម្នាក់បានប្រើប្រាស់សំដីមិនសមរម្យ និងគំរាមរកវាយទៅលើជនបរទេសម្នាក់ ជាអ្នកទេសចរ ខណៈជនបរទេសនោះ Live រូបភាពវីដេអូ គ្រាន់និយាយសួរនាំសុខទុកធម្មតាទៅលើបុរសម្នាក់ជនជាតិខ្មែរមិនស្គាល់អត្តសញ្ញាណ នៅក្បែររបងវត្តឧណ្ណាលោម ដោយរូបភាពនេះត្រូវបានជនបរទេសនោះយកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម។ហេតុការណ៍កើតឡើងកាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦ ស្ថិតនៅក្បែររបងវត្តឧណ្ណាលោម នៅមូលដ្ឋានសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំពោះករណីនេះ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជ័យជំនះ បានធ្វើការស្រាវជ្រាវទើបដឹងថាបុរសនោះជាជនអនាថា គ្មានទីលំនៅច្បាស់លាស់ ដើរគ្រប់ទីកន្លែង និងដេកតាមទីសាធារណៈ។បុរសជាជនអនាថាត្រូវបានសមត្ថកិច្ចប្រទះឃើញនៅចំណុចស្ពានបាឡេ ខណ្ឌឫស្សីកែវកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង២០:០០នាទី ហើយយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ