សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវអនុសាសន៍គន្លឹះជូនមន្ត្រីមូលដ្ឋានខេត្តត្បូងឃ្មុំ «មន្ត្រីជាអ្នកបម្រើ មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ»
(ត្បូងឃ្មុំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីរាជការសរុប ៨៨៩នាក់ ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវការណែនាំ និងក្រើនរំលឹកសំខាន់ៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅមូលដ្ឋាន។

សម្តេចតេជោបានរំលឹកយ៉ាងដាច់អហង្ការថា មន្ត្រីត្រូវតែជា «អ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ហើយត្រូវចៀសវាងដាច់ខាតនូវការប្រើប្រាស់អំណាចបុណ្យស័ក្តិក្នុងគ្រួសារ (ប្ដីស័ក្ដិ៣ ប្រពន្ធសក្ដិ៤ កូនសក្ដិ៥) ដែលបង្កបញ្ហាដល់សង្គម និងធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តពលរដ្ឋ។ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសឃុំ-សង្កាត់ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបាន «លឿន និងរហ័ស»។ ត្រូវចៀសវាងរាល់ភាពអសកម្ម ឬការបង្កការលំបាកនានាដែលនាំឱ្យមានការថ្នាំងថ្នាក់ពីសំណាក់មហាជន។
ក្រៅពីការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព សម្តេចបានបញ្ជាឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការបង្ក្រាប «អំពើឆបោកតាមអនឡាញ (Online Scam)» ដែលជាបញ្ហាប្រឈមថ្មី ព្រមទាំងបទល្មើសគ្រឿងញៀន និងចោរកម្ម។
សម្តេចបានជំរុញឱ្យអាជ្ញាធរខិតខំដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយ «ក្រៅប្រព័ន្ធតុលាការ» ដោយឈរលើគោលការណ៍យុត្តិធម៌ និងមិនលម្អៀង។ អាជ្ញាធរត្រូវចូលរួមគាំទ្រដល់ការប្រមូលចំណូលពន្ធដារ និងពន្ធគយ ដើម្បីថវិកាជាតិ ព្រមទាំងរួមគ្នាការពារធនធានធម្មជាតិក្នុងមូលដ្ឋាន កុំឱ្យមានការបំផ្លិចបំផ្លាញ។
ជាកិច្ចបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ ដែលបានរួមគ្នាអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន និងរក្សាបាននូវសុខសន្តិភាពយ៉ាងល្អប្រសើរកន្លងមក៕


ប្រភព៖ ក្រសួងព័ត៌មាន