ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣ គីឡូម៉ែត្រ ពីគល់ស្ពានកោះធំ ដល់ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ

    BY SOMATEY April 27, 2026
    កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣ គីឡូម៉ែត្រ ពីគល់ស្ពានកោះធំ ដល់ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ

    នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ២៣ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការចូលរួមពី លោកស្រី យ៉សមីន ស៊ីដឌីហ្គី (Ms. YASMIN SIDDIQI) នាយិកាធនាគារ អភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល អភិបាលខេត្ត ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ទីរខេត្ត និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

    កំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង ១៩,៨៣ គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ ៣៤+៤០០ (ពីគល់ស្ពានកោះធំ) ស្ថិតក្នុងឃុំ ជ្រោយតាកែវ ឆ្លងកាត់ ឃុំលើកដែក ស្រុកកោះធំ រហូត ដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវជាតិលេខ១៤) ត្រង់គីឡូម៉ែត្រ លេខ៥៤+២៣៣ នៃភូមិសាស្រ្តខេត្តកណ្តាល។ គម្រោងនេះ មានទទឹងតួផ្លូវ ប្រវែង ១១ម៉ែត្រ ជាប្រភេទផ្លូវ ក្រាលកៅស៊ូ AC កម្រាស់ ៨សង់ទី ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តនិងទោចក្រយានធ្វើចរាចរណ៍ (២គន្លង ទៅ-មក)។

    គម្រោងនេះ រួមបញ្ចូលនូវការស្ថាបនាស្ពានចំនួន ៣កន្លែង ប្រវែងសរុប ១១៦,៤០ម៉ែត្រ ការដាក់លូគ្រប់ប្រភេទ កាត់ទទឹងផ្លូវ ចំនួន ៤៨កន្លែង និងលូតាមប្រឡាយផ្លូវ ចំនួន ៨កន្លែងប្រវែងសរុប ២ ៣៤២ម៉ែត្រ បំពាក់អំពូលសូឡា LED ចំនួន ៨០កន្លែង ព្រមទាំងការបំពាក់ផ្លាកសញ្ញា គូសគំនូសសញ្ញា ដាំបង្គោល គីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។ លើសពីនេះ គម្រោងនេះ ក៏មានការស្ថាបនារង្វង់ មូល១កន្លែង នៅត្រង់ចំណុចផ្លូវ ប្រសព្វទិស ចុះពីស្ពានកោះធំ ដើម្បី សម្រួល និងបញ្ចៀសទិសដៅ ចរាចរណ៍ទៅមក ប្រកបដោយសុវត្ថិភាព។

    គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ២៣ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: