ឃាត់ខ្លួនបុរស ២នាក់ ពាក់ព័ន្ធនឹងការដឹកនាំប្រមូលកៀរគរជនជាតិខ្មែរ និងបរទេស ធ្វើបាតុកម្មតវ៉ាបិទផ្លូវខុសច្បាប់ និងឈានដល់ហិ-ង្សា នៅខាងមុខធនាគារជាតិក្នុងខណ្ឌសែនសុខ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ឃាត់ខ្លួនបុរស ២នាក់ ពាក់ព័ន្ធនឹងការដឹកនាំប្រមូលកៀរគរជនជាតិខ្មែរ និងបរទេសធ្វើបាតុកម្មតវ៉ាបិទផ្លូវខុសច្បាប់ និងឈានដល់ហិង្សា នៅខាងមុខធនាគារជាតិក្នុងខណ្ឌសែនសុខ។

តាមការបញ្ជាក់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្តកិច្ចឃាត់ខ្លួន បុរស២នាក់ ជនជាតិខ្មែរក្នុងនោះមាន១នាក់ជាមេខ្លោងដឹកនាំប្រមូលកៀរគរ ជនជាតិខ្មែរនិងបរទេសប្រមាណជាង ១០០នាក់ ធ្វើបាតុកម្ម តវ៉ាបិទផ្លូវខុសច្បាប់និងឈានដល់បង្កឲ្យមានអំពើហិង្សាកើតឡើងអំពីបញ្ហាធនាគារ Huione & H Pay នៅខាងមុខធនាគារជាតិ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៧និង៣០នាទីព្រឹក ស្ថិតនៅផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំពោះបុរសទាំង ២នាក់ ទីមួយឈ្មោះ សួន សុវណ្ណថៃ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម៉ៅការសំណង់ ស្នាក់នៅបុរី វីអាយភី ផ្ទះលេខ២០ ផ្លូវ3A ភូមិមុឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រីឯជនទីពីរមានឈ្មោះ វ៉ាត់ មករា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ការឃាត់ខ្លួននេះគឺក្រោយមានហេតុការណ៍មានការប្រមូលផ្តុំធ្វើបាតុកម្ម តវ៉ាបិទផ្លូវខុសច្បាប់ បង្កឲ្យមានអំពើហិង្សាកើតឡើង។បច្ចុប្បន្នបុរសទាំង២នាក់ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងអនុវត្តតាមនីតិវិធី៕


ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ