ប្រតិភូព្រះសង្ឃសៅលីងចិន ស្នើក្រសួងទេសចរណ៍បន្តជួយគាំទ្រ និងជំរុញឱ្យមានការសម្តែងក្បាច់គុនចម្រុះ ជាប្រចាំរៀងរាល់ឆ្នាំ
(រាជធានីភ្នំពេញ)៖ នៅថ្ងទី ៣០ ឃែមេសា ឆ្នាំ ២០២៦ នេះ តាមមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ព្រះតេជគណ Shi Yan Shu ( ស្យី អ៊ាន ស្យូ ) ប្រធានប្រតិភូព្រះសង្ឃសៅលីង បានសំណូមពរដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍បន្តជួយគាំទ្រ និងជំរុញឱ្យមានការសម្តែងក្បាច់គុនចម្រុះជាប្រចាំ រៀងរាល់ឆ្នាំ នៅក្នុងតំបន់ប្រាសាទអង្គរវត្ត និងតំបន់គោលដៅទេសចរណ៍សំខាន់ៗនានា ដើម្បីជំរុញការផ្លាស់ប្តូរទំនាក់ទំនង ការផ្សព្វផ្សាយគោលដៅទេសចរណ៍ ។

សំណូមពររបស់ព្រះសង្ឃសៅលីង ខាងលើនេះ ក្នុងឱកាសដែល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូ ព្រះសង្ឃសាលីង នៃវត្តសៅលីងចំនួន១៦អង្គ នៅស្តីការក្រសួងទេសចរណ៍ ។
ក្នុងជំនួបនេះ ព្រះតេជគណ Shi Yan Shu ( ស្យី អ៊ាន ស្យូ ) ប្រធានប្រតិភូព្រះសង្ឃសៅលីង មានដីការអរគុណដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជានិច្ចកាលបានគាំទ្រ វិហារមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌សាវលិញ វ៉ូស៊ូ នៅរាជធានីភ្នំពេញ។ ព្រះតេជគណ ក៏បានសំណូមពរដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍បន្តជួយគាំទ្រ និងជំរុញឱ្យមានការសម្តែងក្បាច់គុនចម្រុះជាប្រចាំ រៀងរាល់ឆ្នាំ នៅក្នុងតំបន់ប្រាសាទអង្គរវត្ត និងតំបន់គោលដៅទេសចរណ៍សំខាន់ៗនានា ដើម្បីជំរុញការផ្លាស់ប្តូរទំនាក់ទំនង ការផ្សព្វផ្សាយគោលដោទេសចរណ៍ ក៏ដូចទាក់ទាញទេសចរចិន និងទេសចរអន្តរជាតិនានាមកទស្សនាកម្ពុជា។
ព្រះតេជគណ ស្យី អ៊ាន ស្យូ បន្តថា តាមរយៈការសម្តែងក្បាច់គុនចម្រុះ កម្ពុជា ចិននៅតំបន់ទេស ចរណ៍វប្បធម៌ល្អឯកនៃខេត្តសៀមរាបលើកនេះ គឺនឹងខិតខំសម្តែងឲ្យល្អបំផុត ហើយនឹងយករូបភាពទាំងនោះទៅផ្សព្វផ្សាយបន្តនៅប្រទេសចិន ក៏ដូចជាជំរុញទេសចរចិនមកទស្សនាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ នៅខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូល។
ដោយឡែក ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានគាំទ្ររាល់សំណូមពរព្រះសង្ឃសាវលីង ក្នុងគោលដៅជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារចិន។
សូមបញ្ជាក់ថា នៅក្នុងដំណើរនិមន្តមកកម្ពុជាជាលើកទី២នេះ ហើយ ព្រះសង្ឃសៅលីងចំនួន ១៦អង្គ នឹងនិមន្តចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរចិន និងអន្តរជាតិមកទស្សនាកម្ពុជា និងទទួលនួវបទពិសោធពីប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសអំពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជនកម្ពុជាដែលមានអាយុកាលយូរលង់ណាស់មកហើយ។
ព្រឹត្តិការណ៍នេះនឹងនាំមកនូវការសម្តែងរួមគ្នា ដ៏អស្ចារ្យរវាងក្បាច់គុនបុរាណខ្មែររួមមាន គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ ជាមួយ ក្បាច់គុនចិនរួមមាន កុងហ្វូសៅលីងនិងថាយជី ហើយក្រសួងទេសចរណ៍រំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរី ប្រមាណជាង ១,០០០នាក់៕





