ក្រុមហ៊ុន អេចជីប៊ី អូតូ និងក្រុមហ៊ុន អេ & អេ អូតូ គ្រុប ចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីរកឃើញបទល្មើសកម្មសិទ្ធិបញ្ញា បំពានលើការនាំចូលរថយន្ត និងគ្រឿងបន្លាស់រថយន្តរបស់ម៉ាកសញ្ញា MAZDA និង KIA គ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាពជូនដល់អ្នកប្រើប្រាស់

ក្នុងនោះផងដែរ តំណាងផ្នែកច្បាប់របស់ក្រុមហ៊ុន បានឲ្យដឹងថាការចុះអនុវត្តអប់រំណែនាំ ត្រួតពិនិត្យ និងបង្ក្រាបក្នុងករណីដែលរកឃើញថាមានបទល្មើសកម្មសិទ្ធិបញ្ញានេះ គឺសង្កត់ធ្ងន់លើការធានាឲ្យបានថារថយន្តគ្រប់ម៉ូដែលរបស់ម៉ាកសញ្ញាMAZDA និង KIA នៅលើទីផ្សារ គឺសុទ្ធតែមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

ឆ្លៀតក្នុងឱកាសនេះ តំណាងផ្នែកបច្ចេកទេសរថយន្ត របស់ក្រុមហ៊ុនក៏បានចែករំលែកផងដែរថាការណ៍ដែលអតិថិជនប្រើប្រាស់រថយន្តដែលមិនបាននាំចូលដោយផ្ទាល់ពីក្រុមហ៊ុនដែលទទួលសិទ្ធិនាំចូលផ្តាច់មុខ គឺជាហានិភ័យមួយដែលគួរឲ្យព្រួយបារម្មណ៍ ត្បិតថាមុនពេលអាចនាំចូលម៉ូដែលណាមួយមកលក់ជាផ្លូវការបានជាទូទៅទាមទារឲ្យក្រុមការងារបច្ចេកទេសកំណត់ប្រព័ន្ធបច្ចេកវិទ្យា (Software-Configuration) រថយន្តឲ្យស្របទៅតាមតម្រូវការ និងបទដ្ឋានសុវត្ថិភាពទៅតាមតំបន់ភូមិសាស្ត្រនីមួយៗ។ ហេតុដូច្នេះហើយ ការប្រើប្រាស់រថយន្តដែលរចនាសម្រាប់ប្រទេសដទៃ មកប្រើប្រាស់ក្នុងប្រទេសកម្ពុជាគឺជាកត្តាដែលអតិថិជនគួរថ្លឹងថ្លែងឲ្យបានច្បាស់លាស់។

ជាចុងក្រោយ ក្រុមហ៊ុន អេចជីប៊ី អូតូ និងក្រុមហ៊ុន អេ & អេ អូតូ គ្រុប នឹងនៅតែបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារទំនុកចិត្តជូនអតិថិជនទៅលើម៉ាកសញ្ញារថយន្ត MAZDA និង KIA ព្រមទាំងបន្តសហការជាមួយអាជ្ញាធរ ដើម្បីលុបបំបាត់ការនាំចូលដែលគ្មានសិទ្ធិអនុញ្ញាត និងមិនមានការត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ។
ដើម្បីទទួលបានព័ត៌មានច្បាស់ការ និងការធានាត្រឹមត្រូវ សូមទំនាក់ទំនងមកផេកផ្លូវការ៖
• Mazda Cambodia: https://www.facebook.com/share/1EBbymBbNC/?mibextid=wwXIfr
• KIA Cambodia: https://www.facebook.com/share/18UwYjvxD9/?mibextid=wwXIfr











