ដេកពេទ្យ៩ថ្ងៃ ព្យាបាលជម្ងឺគ្រុនឈាម ពេលចេញវិក័យប័ត្រអស់ 5200$ ឥឡូវនេះធ្វើកិច្ចសន្យាសម្របសម្រួលគ្នា បង់ត្រឹមតែ 2000$ បញ្ចប់រឿង មិនមានការប្តឹងផ្តល់គ្នា…
ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីមួយដែលមានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមានបង្ហាញថាភាគីអ្នកជម្ងឺបានឈ្លោះប្រកែកជាមួយនឹងភាគីម្ខាងទៀតដែលជាគ្រូពេទ្យ មូលហេតុដែលនាំឲ្យមានជម្លោះនេះគឺភាគីខាងអ្នកជម្ងឺមិនសុខចិត្តចំពោះតម្លៃព្យាបាលជម្ងឺគ្រុនឈាមចំនួន៩ថ្ងៃ ប៉ុន្តែខាងមន្ទីរពេទ្យចេញវិក័យប័ត្រអស់ ៥២០០$។
បន្ទាប់ពីភ្ញាក់ផ្អើលនៅល់ើបណ្តាញសង្គម លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង បានធ្វើការ Comment នៅក្នុងហ្វេសបុកថា៖ “ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចុះទៅដោះស្រាយរួចរាល់ហើយ កាលពីរសៀលថ្ងៃសុក្រទី ១៤ ខែមិថុនា ២០១៩ ចប់សព្វគ្រប់នៅម៉ោង ប្រមាណ ១៥:៣០ ។ មាតាបិតាក្មេង និងគ្រូពេទ្យបានស្ម័គ្រព្រមព្រៀងគ្នា។”
តាមរយៈកិច្ចសន្យាដែលចែកចាយនៅលើហ្វេសបុកបានបង្ហាញថា ក្រោយពីសម្របសម្រួលទៅ ខាងគ្លីនិកព្យាបាលជំងឺ ដែលមានវេជ្ជបណ្ឌិតឈ្មោះ ហម ឡុង បានធ្វើការព្រមព្រៀងបង់ថ្លៃព្យាបាលត្រឹមតែ ២០០០$ ប៉ុណ្ណោះ ដោយមិនមានការប្តឹងផ្តល់គ្នាទេ។
គួរបញ្ជាក់ថាយោងតាមប្រភពឈ្មោះថា ខេមរា គូប៉ូតា បានឲ្យដឹងថា «ដេកពេទ្យ៩ថ្ងៃ ចេញវិក័យប័ត្រ ៥២០០$ ជំងឺគ្រុនឈាមជួយអោយគាត់ល្បីផងបងប្អូន ជិតផ្សារឌុយមិច»។ ជាមួយគ្នានេះភាគីជាពេទ្យខាងលើមិនទាន់បានចេញមុខបកស្រាយចំពោះតម្លៃព្យាបាល ដូច្នេះមហាជនជាច្រើនបានធ្វើការដាក់បន្ទុកខ្លាំងទៅលើគ្លីនីកខាងលើ និងសំណូមពរឲ្យមានការត្រួតពិនិត្យឡើងវិញផងដែរ៕



