ដេកពេទ្យ៩ថ្ងៃ ព្យាបាលគ្រុនឈាម គិតលុយអស់ 5200$ វេជ្ជបណ្ឌិតថាគាត់ប្រើថ្នាំថ្លៃៗដើម្បីសង្គ្រោះ ហើយប្រពន្ធវេជ្ជបណ្ឌិតថាបើទៅសាំងហ្គារពួរក៏អស់ 20,30ម៉ឺនដុល្លារដែរ ចុងក្រោយធ្វើកិច្ចសន្យាសម្របសម្រួលគ្នា បង់ត្រឹមតែ 2000$ បញ្ចប់រឿង
- June 16, 2019
ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីមួយដែលមានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមានបង្ហាញថាភាគីអ្នកជម្ងឺបានឈ្លោះប្រកែកជាមួយនឹងភាគីម្ខាងទៀតដែលជាគ្រូពេទ្យ មូលហេតុដែលនាំឲ្យមានជម្លោះនេះគឺភាគីខាងអ្នកជម្ងឺមិនសុខចិត្តចំពោះតម្លៃព្យាបាលជម្ងឺគ្រុនឈាមចំនួន៩ថ្ងៃ ប៉ុន្តែខាងមន្ទីរពេទ្យចេញវិក័យប័ត្រអស់ ៥២០០$។
នៅក្នុងវិដេអូលោកវេជ្ជបណ្ឌិត បាននិយាយថាកុមារពីរនាក់ដែលមានជំងឺគ្រុនឈាមធ្ងន់ធ្ងន់ មិនមែនតែម្នាក់ទេ ហើយអាការៈវិញគឺរហូតដល់ក្អួតឈាមទៀត ពេលដែលឪពុកម្តាយយកមកដល់ពេទ្យ ម្តាយឪពុកបានប្រាប់ថាអស់ប៉ុន្មានឲ្យតែកូនជា ទើបលោកវេជ្ជបណ្ឌិតបានប្រើប្រាស់ថ្នាំថ្លៃៗ និងយកចិត្តទុកដាក់ខ្ពស់ព្យាបាលរហូតដល់ជា ទាំងពីរនាក់ តែដល់ពេលគិតលុយអស់ច្រើនពេករហូតដល់ទៅ ៥២០០$ ទើបក្រុមគ្រួសារបែរជាប្រាប់ថាគ្មានលទ្ធភាពឲ្យ ធ្វើឲ្យមានការប្រកែកគ្នា រហូតបង្ហោះវិដេអូក្នុងហ្វេសបុក។
កំឡុងពេលឈ្លោះគ្នាក្នុងវិដេអូ ដែលឪពុកកុមារទាំងពីរលួចថត ក៏បានឃើញលោកវេជ្ជបណ្ឌិត ប្រាប់ដែរថា គាត់ប្រើប្រាស់ថ្នាំថ្លៃៗដើម្បីសង្គ្រោះកុមារទាំងពីរ និងភរិយាវេជ្ជបណ្ឌិតបាននិយាយទៀតថាជំងឺនេះ បើទៅសាំងហ្គារពួរក៏អស់ 20 , 30 ម៉ឺនដុល្លារដែរ។ បន្ទាប់ពីភ្ញាក់ផ្អើលនៅល់ើបណ្តាញសង្គម លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង បានធ្វើការ Comment នៅក្នុងហ្វេសបុកថា៖ “ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចុះទៅដោះស្រាយរួចរាល់ហើយ កាលពីរសៀលថ្ងៃសុក្រទី ១៤ ខែមិថុនា ២០១៩ ចប់សព្វគ្រប់នៅម៉ោង ប្រមាណ ១៥:៣០ ។ មាតាបិតាក្មេង និងគ្រូពេទ្យបានស្ម័គ្រព្រមព្រៀងគ្នា។”
តាមរយៈកិច្ចសន្យាដែលចែកចាយនៅលើហ្វេសបុកបានបង្ហាញថា ក្រោយពីសម្របសម្រួលទៅ ខាងគ្លីនិកព្យាបាលជំងឺ ដែលមានវេជ្ជបណ្ឌិតឈ្មោះ ហម ឡុង បានធ្វើការព្រមព្រៀងបង់ថ្លៃព្យាបាលត្រឹមតែ ២០០០$ ប៉ុណ្ណោះ ដោយមិនមានការប្តឹងផ្តល់គ្នាទេ៕




- Share This Post:






