ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា បានជួយអំណោយមនុស្សធម៌ ដល់ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៣០គ្រួសារ នៅស្រុកកំពង់សៀម

    BY Nisaiy KN May 3, 2026
    សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា បានជួយអំណោយមនុស្សធម៌ ដល់ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៣០គ្រួសារ នៅស្រុកកំពង់សៀម

    (ខេត្តកំពង់ចាម)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានចាត់ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក និង ឯកឧត្តម ទូច ឆៃ នាយកសាខា រួមដំណើរដោយ លោក ជឹង ម៉េងហុង អនុប្រធានអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់សរុប ៣០គ្រួសារស់នៅក្នុងភូមិល្ពាក។

    ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៥ល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បក់គួចយ៉ាងខ្លាំង ធ្វើអោយផ្ទះ ៣០ខ្នងក្នុងឃុំស្រក ត្រូវរបើកសង្កសី និងរបើកក្បឿង រងផលប៉ះពាល់កម្រិតមធ្យមនិង ស្រាល។

    ឯកឧត្តម ទូច ឆៃ និង ឯកឧត្តម ចាន់ វ៉ាន់ បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ។

    ឯកឧត្តម បាននាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ថា ប្រធានគណ:កម្មាធិការសាខា និង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោកតែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាកទាន់ពេលវេលា តាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

    ឯកឧត្តម ចាន់ វ៉ាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀងផ្គររន្ទះ ពិសេសខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាពបង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។ ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល នេះ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក “ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង ៤ និង សូម ចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងអាកាសធាតុ។ ជាមួយនោះ ខិតខំបង្កបង្កើនផលដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល លើកកំពស់ជីវភាពក្នុងក្រុមគ្រួសារ។

    អំណោយដែលជូនពលរដ្ឋរងផលប៉ះពាល់ទាំង ៣០គ្រួសារនោះ ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង រួមមាន:
    -ពលរដ្ឋរងផលប៉ះពាល់ កម្រិតមធ្យម ៨គ្រួសារ ក្នុង ១គ្រួសារ ១៥០.០០០រៀល។
    -ពលរដ្ឋរងផលប៉ះពាល់ កម្រិតស្រាល ១៦គ្រួសារ ក្នុង ១គ្រួសារ ១០០.០០០រៀល និង ៦គ្រួសារទៀត ក្នុង ១គ្រួសារ ៥០.០០០រៀល៕

    ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

    Share This Post: