ខ្មែរណូត

ស្វែងរក

  • PR

    ខ្មែរ ប៊ែវើរីជីស បន្តកសាងបឋមសិក្សាដែលខូចខាតចំនួន ៣ ទីតាំងបន្ថែមទៀត ដើម្បីសម្រួលដល់ការសិក្សារបស់កុមារនៅតំបន់ព្រំដែន

    BY SOMATEY May 9, 2026
    ខ្មែរ ប៊ែវើរីជីស បន្តកសាងបឋមសិក្សាដែលខូចខាតចំនួន ៣ ទីតាំងបន្ថែមទៀត ដើម្បីសម្រួលដល់ការសិក្សារបស់កុមារនៅតំបន់ព្រំដែន

    (បន្ទាយមានជ័យ និងព្រះវិហារ)៖ នៅតែបន្តជាចលករសំខាន់ ដែលចូលរួមដោះស្រាយផលប៉ះពាល់លើវិស័យអប់រំ តាមតំបន់ព្រំដែន ខ្មែរ ប៊ែវើរីជីស បានរៀបចំពិធីបញ្ចុះបឋមសិលា សាងសង់អគារសិក្សាថ្មី ចំនួន ៣ ខ្នងបន្ថែមទៀត ស្ថិតនៅ៖ បឋមសិក្សាអូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យ ចំនួន ១ ខ្នង រួមទាំងរបង, បឋមសិក្សាត្រពាំងសង្កែ ចំនួន ១ ខ្នង, និងបឋមសិក្សាសែនជ័យ ចំនួន ១ ខ្នង នៅខេត្តព្រះវិហារ ព្រមទាំងសាងសង់លេណដ្ឋានសុវត្ថិភាពជូនសិស្សានុសិស្សទាំង ៣ ទីតាំង។

    តាមរយៈព្រឹត្តិការណ៍ ១ ពាន់លានរៀល ដើម្បីសប្បុរសធម៌ ដែលមានការចូលរួមជាច្រើនពីបងប្អូនខ្មែរគ្រប់តំបន់ រួមគ្នាជួសជុល ឬកសាងសាលាដែលរងការខូចខាតតាមបន្ទាត់ព្រំដែន ខ្មែរ ប៊ែវើរីជីស បានបើកការសាងសង់អគារសិក្សា សរុបចំនួន ៥ ទីតាំង បូករួមទាំងគម្រោងសាងសង់មុនគេ​ ផ្តល់អគារសិក្សាចំនួន ២ ខ្នង ក្នុងខេត្តឧត្តរមានជ័យ៖ បឋមសិក្សាគោកប្រាសាទ ១ ខ្នង និង បឋមសិក្សាគូរ ១ ខ្នង ព្រមទាំងលេណដ្ឋាននៅទីតាំងសាលាទាំង ២។

    មិនតែប៉ុណ្ណោះ ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភសាងសង់អគារសិក្សា ១ ខ្នង ៣ ជាន់ និងរបង នៅបឋមសិក្សាព្រៃ-ស ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលខ្វះខាត ធ្វើយ៉ាងណាចូលរួមលើកកម្ពស់វិស័យអប់រំឱ្យកាន់តែប្រសើរ និងពេញលេញសម្រាប់សិស្សានុសិស្សគ្រប់រូប។ សរុបជាង ១ លានដុល្លារ ខ្មែរ ប៊ែវើរីជីស បានចំណាយថវិកាសាងសង់សាលា សរុបចំនួន ៦ ទីតាំងនេះ។

    ឈរលើគុណតម្លៃនៃការផ្តល់ត្រឡប់ទៅសង្គមវិញ ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង តែងតែនៅក្បែរប្រជាជនខ្មែរជានិច្ច បន្តជួយឧបត្ថម្ភជាហូហែ ដែលចំណាយថវិកាសរុបប្រមាណ ៧ លានដុល្លារ បូករួមទាំងថវិកា ស្បៀងអហារភេសជ្ជៈ តង់ស្នាក់នៅ និងសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់កងទ័ព ទៅកាន់វីរកងទ័ព និងជនភៀសសឹក បង្ហាញពីការដឹងគុណ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខវីរកងទ័ពការពារទឹកដី ក៏ដូចជាបងប្អូនជនភៀសសឹកទាំងអស់។

    ខ្មែរ ស្រលាញ់ ខ្មែរ ខ្មែរ ប៊ែវើរីជីស

    Share This Post: