ឥណ្ឌូណេស៊ីបញ្ជូនសំរាម ៥ កុងតឺន័រ ទៅឱ្យអាមេរិកវិញ និងបាននិយាយថា ពួកគេមិនចង់ក្លាយជាធុងចាក់សំរាមនោះទេ
យោងតាមលោក Sayid Muhadhar មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឱ្យដឹងថា ជាការពិតទៅកុងតឺន័រទាំងនោះគួរតែមានត្រឹមតែក្រដាសសំណល់ ប៉ុន្តែជាក់ស្តែងវាត្រូវបានគេរកឃើញជាមួយនឹងកាកសំណល់ផ្សេងៗទៀតដូចជា៖ ដប កាកសំណល់ប្លាស្ទិក និងក្រណាត់។ លោក Muhadhar បានថ្លែងថា៖ «នេះវាមិនសមរម្យទេ ហើយពួកយើងមិនចង់ក្លាយជាទីកន្លែងចាក់សំរាមនោះទេ»។ យោងតាមលោក Muhadhar បានឱ្យដឹងថា កុងតឺន័រទាំង ៥ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកាណាដា ត្រូវបានដឹកជញ្ជូនពីទីក្រុង Seattle សហរដ្ឋអាមេរិក ទៅក្រុង Surabaya ។ បច្ចុប្បន្នប្រទេសឥណ្ឌូណេស៊ីកំពុងស្ថិតក្នុងដំណាក់កាលនៃការត្រួតពិនិត្យកុងតឺន័រមួយចំនួននៅទីក្រុង Batam ។

កាលពីខែមុនប្រទេសម៉ាឡេស៊ីក៏បានប្តេជ្ញាបញ្ជូនកុងតឺន័រ ដែលនាំចូលសំរាមប្លាស្ទិករាប់រយ ទៅកាន់ប្រទេសមួយចំនួនវិញ។ ប្រទេសហ្វីលីពីនក៏បានប្រគល់សំរាមរាប់តោនត្រឡប់ទៅប្រទេសកាណាដាវិញដែរ ដែលវាបានបង្កើតឱ្យមានជម្លោះការទូតរវាងប្រទេសទាំងពីរ។ ប្រទេសចិនដែលបានទទួលកាកសំណល់ប្លាស្ទិកពីទូទាំងពិភពលោកអស់ជាច្រើនឆ្នាំមកហើយនោះ ពេលនេះបានបដិសេធមិនព្រមទទួលយកសារធាតុណាមួយឡើយ ពោលគឺចាប់តាំងពីឆ្នាំមុន នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្អាតបរិស្ថានរបស់ខ្លួន។
បរិមាណដ៏ច្រើននៃកាកសំណល់ត្រូវបានគេឱ្យដឹងថា ត្រូវបានបោះចោលដោយក្រុមប្រទេសអភិវឌ្ឍន៍ទៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន។ យោងតាមអង្គការ WWF បានឱ្យដឹងថា ប្លាស្ទិកប្រហែល ៣០០ លានតោនត្រូវបានផលិតជារៀងរាល់ឆ្នាំ ហើយភាគច្រើននៃផ្លាស្ទិចត្រូវបានជាប់គាំងនៅកន្លែងចាក់សំរាម ឬនៅក្នុងសមុទ្រ៕


អត្ថបទ៖ លីដា