សម្ដេចធិបតី បញ្ជាឱ្យរៀបចំមេដាយពិសេសសម្រាប់ជូនដល់វីរកងទ័ពវីរនគរបាល ការពារទឹកដីពីថៃឈ្លានពានក្នុងឆ្នាំ២០២៥
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យរៀបចំមេដាយពិសេសសម្រាប់ជូនដល់វីរកងទ័ពវីរនគរបាល ការពារទឹកដីពីថៃឈ្លានពានក្នុងឆ្នាំ២០២៥ ដើម្បីឱ្យប្រជាជនបានមើលឃើញការលះបង់របស់កងទ័ព និងនគរបាលសម្រាប់ជាតិមាតុភូមិ។

ការបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជានេះធ្វើឡើងក្នុងឱកាសបានអញ្ជើញអបអរសាទរខួបលើកទី១៩ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ឆ្នាំ២០២៦ នៅ សាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីបងប្អូនអតីតយុទ្ធជន និវត្តជន តំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ ចំនួន ៣២ ក្រសួងស្ថាប័ន រាជធានី ខេត្ត យុវជន ស.ស.យ.ក. និងយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់សរុប ប្រមាណ ៣,៥០០នាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ។
សម្ដេចធិបតី បានណែនាំឱ្យសិក្សារៀបចំមេដាយពិសេសសម្រាប់ជូនដល់វីរកងទ័ពវីរនគរបាល ដែលបានចូលរួមក្នុងប្រតិបត្តិការការពារទឹកដីពីថៃឈ្លានពានក្នុងឆ្នាំ២០២៥ បន្ទាប់ពីការពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្របានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជន។
ជាមួយគ្នានេះដែរ សម្ដេចធិបតី ក៏បានណែនាំឱ្យឯកឧត្ដម ទៀ សីហា រដ្ឋមន្រ្ដីក្រសួងការពារជាតិ ត្រូវឱ្យក្រុមការងាររៀបចំឆ្លាក់ទិដ្ឋភាពសំខាន់ៗចំនួនបីនៅវិមានឈ្នះឈ្នះ បណ្ដាលមកពីការឈ្លានពានរបស់ថៃមកលើកម្ពុជា ក្នុងនោះទី១ ឆ្លាក់អំពីការឈឺចាប់នៃសង្គ្រាមឈ្លានពាន ដូចជារូបជនភៀសសឹកជាដើម, ទី២ ទិដ្ឋភាពនៃវីរភាពរបស់វីរកងទ័ព វីរនគរបាល និងទី៣ ទិដ្ឋភាពនៃកម្លាំងសាមគ្គីភាពនៃមហាគ្រួសារខ្មែរទូទាំងពិភពលោក ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្រ្ដរបស់កម្ពុជា។
សម្ដេធិបតីបានគូសបញ្ជាក់ថា ផ្អែកលើគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុ ជីវិត ព្រមទាំងបញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមក ដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនអតីត យុទ្ធជន និងនិវត្តជន ដោយបានដាក់ឱ្យអនុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន និងនិវត្តជន ដែល បង្ហាញឱ្យឃើញនូវការគោរពដឹងគុណចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជនផងដែរ៕


