ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងក្រុមហ៊ុន Sky Angkor Airlines ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនខ្មែរ និងបង្កើនចំនួនអ្នកទេសចរកូរ៉េទៅទស្សនាប្រទេសកម្ពុជា
នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Kim Andy អគ្គនាយករងទទួលបន្ទុកផ្នែកទីផ្សារនៃក្រុមហ៊ុន Sky Angkor Airlines នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពទូទៅនៃការធ្វើដំណើរតាមអាកាសចរណ៍ Sky Angkor Airlines ទៅមករបស់ប្រជាជនកម្ពុជា និងកូរ៉េ ព្រមទាំងបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងគោលដៅសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាជនខ្មែរដែលតែងតែទុកចិត្ត និងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Sky Angkor និងបង្កើនចំនួនអ្នកទេសចរកូរ៉េទៅទស្សនាប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូតក៏បានជម្រាបលោក Kim អំពីគម្រោងរៀបចំព្រឹត្តិការណ៍ធំៗរបស់ស្ថានទូតក្នុងពេលខាងមុខ និងបានស្នើក្រុមហ៊ុនចូលរួមហសហការគាំទ្រផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានជម្រាបលោក Kim ថាមានភ្ញៀវទេសចរកូរ៉េ និងបរទេសជាច្រើនមានបំណងទៅទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជា ដូច្នេះសង្ឃឹមថាក្រុមហ៊ុននឹងពិចារណាពិនិត្យលទ្ធភាពបើកជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល ទៅខេត្តសៀមរាប ដើម្បីសម្រួលដល់អ្នកទេសចរ ដែលមានបំណងធ្វើដំណើរកំសាន្តដោយផ្ទាល់ទៅកាន់ខេត្តសៀមរាប។
ជាការឆ្លើយតប លោក Kim បានមានប្រសាសន៍ថាក្រុមហ៊ុន Sky Angkor Airlines ក៏មានគម្រោងរៀបចំជើងហោះហើរត្រង់ទៅខេត្តសៀមរាបសម្រាប់រដូវរងារខាងមុខនេះផងដែរ៕





ប្រភព ក្រសួងព័ត៍មាន