កម្ពុជា នាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រទេសកម្ពុជា នាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់ នៅទីក្រុងហៃគូ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើក ក្នុងព្រឹត្តិការណ៍ «ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាង កម្ពុជា-ទីក្រុងហៃគូ ឆ្នាំ២០២៦» ក្នុងឱកាស «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ថុង គួយឆាង អភិបាលរងក្រុងហៃគូ លោក អុីវ សុខុម អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហៃណាន លោក-លោកស្រីពីមន្ទីរការបរទេសខេត្តហៃណាន លោក-លោកស្រីប្រធានក្រុមហ៊ុនទេសចរណ៍ សាធារណជនសរុបប្រមាណជាង២០០នាក់ នៅទីក្រុងហៃគូ ខេត្តហៃណាន។

ក្នុងសុន្ទរកថាបើក ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនអង្គពិធីអំពីការដាក់ឱ្យអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនប្រជាជនចិនចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦ ខាងមុខ និងទស្សនាកម្ពុជានារដូវកាលបៃតងដែលផ្តល់ជូននូវអត្ថប្រយោជន៍ពិសេស និងទាក់ទាញលើការស្នាក់នៅ ម្ហូបអាហារ។ល។
នៅក្នុងព្រឹត្តិការណ៍នេះ កម្ពុជា បាននាំនូវការសម្តែងទស្សនីយភាពសិល្បៈវប្បធម៌កម្ពុជារួមសំដែងជាមួយភាគីសិល្បករ សិល្បការិនីមិត្តចិនយ៉ាងអធិកអធម និងរស់រវើករួមមាន របាំ «រំដួលបុប្ផាជាតិ», របាំ «គោះត្រឡោកហៃណាន», របាំ «មន្តស្នេហ៍រដូវកាលបៃតង», ការសម្តែង «ម៉ុងសាយ» និងការសម្តែង «អត្ថប្រយោជន៍នៃក្រមាខ្មែរ»។ ការសម្តែងសិល្បៈចម្រុះដ៏អស្ចារ្យនេះ បានបង្ហាញយ៉ាងច្បាស់ពីអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប និងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ព្រមទាំងចំណងមិត្តភាពដែកថែបដ៏រឹងមាំ និងឥតប្រែប្រួលរវាងប្រទេសទាំងពីរ កម្ពុជា-ចិន៕






ប្រភព៖ ក្រសួងព័ត៌មាន