អ្នកស្រាវជ្រាវបាននិយាយថា ឧបករណ៍អេឡិចត្រូនិកចល័ត កំពុងបំផ្លាញគ្រោងឆ្អឹងរបស់មនុស្ស
ក្រុមអ្នកវិទ្យាសាស្ដ្រនិយាយថា មនុស្សជាច្រើនចំណាយពេលយ៉ាងច្រើនក្នុងការសម្លឹងមើលស្មាតហ្វូន និងថេប្លេតរបស់ពួកគេ ដែលវាបានបង្កឱ្យឆ្អឹងក្បាលផ្នែកខាងក្រោយរបស់ពួកគេមានដុំពក ឬដែលហៅថា bony spikes ។ បញ្ហាបែបនេះត្រូវបានគេចាត់ទុកថា ជារឿងដ៏កម្រនៅពេលវាត្រូវបានគេយកមកពិភាក្សាជាលើកដំបូងនៅក្នុងទសវត្សរ៍ ឆ្នាំ១៨០០ ហើយសព្វថ្ងៃនេះយើងអាចមានអារម្មណ៍ថា ក្បាលរបស់យើងមានដុំពកដោយការស្ទាបផ្ទាល់នឹងដៃ ឬនៅពេលដែលយើងកោរសក់ចេញ។ ចំណេកឯមនុស្សវ័យក្មេងបច្ចុប្បន្ននេះ កំពុងអភិវឌ្ឍដុំពកបែបនេះលឿនជាងមុនទៅទៀត ដោយការស្រាវជ្រាវបានបង្ហាញថា ជាទូទៅវាមាននៅលើមនុស្សក្នុងវ័យពី ១៨ ដល់ ៣០ឆ្នាំ។

ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Sunshine Coast ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី បានធ្វើការស្រាវជ្រាវយ៉ាងលម្អិតអំពីបាតុភូតនេះ ដោយពួកគេបានស្កេនលលាដ៍ក្បាលមនុស្សជាង ១,០០០នាក់ ដែលមានអាយុចាប់ពី ១៨ ទៅ ៨៦ឆ្នាំ។ ក្នុងនោះផងដែរ អ្នកដឹកនាំការស្រាវជ្រាវវេជ្ជបណ្ឌិតលោក David Shahar បានប្រាប់ BBC ថា គាត់បានធ្វើជាគ្រូពេទ្យរយៈពេល ២០ឆ្នាំ មកហើយ ហើយទើបតែ ១ទសវត្ស ចុងក្រោយនោះទេ ដែលមនុស្សចាប់ផ្ដើមមានដុំពកនេះ។
លោកវេជ្ជបណ្ឌិតបានបន្តថា កត្តាដែលធ្វើឱ្យពួកគេមានបញ្ហានេះ គឺដោយសារការចំណាយពេលវេលារបស់ពួកគេ ជាពិសេសក្មេងៗ ដែលពួកគេតែងតែចំណាយពេលវេលាជាមួយនឹងស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រយួរដៃជាច្រើនម៉ោង។ ជាធម្មតានៅពេលដែលយើងព្យាយាមឱនឈ្ងោកមុខជាមួយឧបករណ៍អេឡិចត្រូនិក វាបានដាក់សម្ពាធដល់សាច់ដុំ ដែលតភ្ជាប់ ក ទៅផ្នែកខាងក្រោយនៃលលាដ៍ក្បាល។ នៅពេលដែលវាធ្វើការលើសកម្រិត ដើម្បីទ្រលលាដ៍ក្បាលរបស់យើង ហើយខណៈដែលក្បាលរបស់មនុស្សពេញវ័យជាមធ្យមមានទម្ងន់ ៥គីឡូក្រាម ផងនោះ សាកគិតទៅមើលថា សាចដុំរបស់យើងមានសម្ពាធប៉ុណ្ណា?
វេជ្ជបណ្ឌិតលោក David Shahar បានបន្តថា ថ្វីបើដុំពក (bony spikes ឬ External Occipital Protuberence) នេះមិនមានបញ្ហាដល់សុខភាព ប៉ុន្តែវានឹងមិនបាត់ទៅវិញនោះទេ ដូច្នេះអ្នកជំងឺគួរស្វែងរកការពិនិត្យឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការរីកលូតលាស់កាន់តែធំ។ លោកក៏បានបន្ថែមថា កត្តាដែលបង្កឱ្យមានដុំពក ឬការអភិវឌ្ឍរបស់វា គឺបណ្តាលមកពីការសម្លឹងមើលអេក្រង់ឧបករណ៍អេឡិចត្រូនិច និងបញ្ហាឥរិយាបថមិនល្អ (ឈរ ឬអង្គុយ) ដែលមានលើមនុស្សគ្រប់វ័យ សូម្បីតែកុមារ៕


អត្ថបទ៖ លីដា
ប្រភព៖ MailOnline